ខេត្តក្រចេះ ៖ នគរបាលស្រុកសំបូរ បានបញ្ជាក់ឱ្យដឹង នៅរសៀលថ្ងៃទី២៥ វិច្ឆិកា នេះថា ករណីឃាតកម្មចាក់សម្លាប់ បណ្តាលឱ្យបុរសម្នាក់ស្លាប់នៅវង់ផឹកស៊ីមួយកន្លែង នៅស្រុកសំបូរ នោះ ពេលនេះនគរបាលបានកំណត់មុខសញ្ញា និងកំពុងតាមចាប់ខ្លួនហើយ។
ជនរងគ្រោះឈ្មោះ ច្រឹង វន្នី អាយុ៣៧ឆ្នាំ រស់នៅភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ បានស្លាប់បាត់បង់ជីវិត នៅក្នុងព្រៃចម្ការខាងក្រោយភូមិ កាលពីថ្ងៃទី២១ វិច្ឆិកា ដោយសារតែជនដៃដល់ បានយកកាំបិតចុងស្រួច ចាក់ពីក្រោយចំឆ្អិងជំនី បណ្តាលឲ្យប្រកាច់ស្លាប់ភ្លាមៗ។
អធិការនគរបាលស្រុកសំបូរ លោកវរសេនីយ៍ឯក ប៊ុន ឈឿន បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យបានគេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពចាក់សម្លាប់មនុស្សបណ្តាលឲ្យស្លាប់រួចមក។ តែយ៉ាងណាជននេះ ត្រូវបានកម្លាំងនគរបាលកំណត់មុខសញ្ញាបានច្បាស់ និងក៏កំពុងតែស្រាវជ្រាវដើម្បីចាប់ខ្លួនផងដែរ។
បើតាមលោកវរសេនីយ៍ឯក ប៊ុន ឈឿន បានប្រាប់ឲ្យដឹងថា ករណីនេះគឺផ្តើមចេញដោយសាររឿងគំនុំ រវាងជនរងគ្រោះ និងជនបង្ក។ ព្រោះថា កន្លងមក ជនរងគ្រោះ និងជនបង្ក មានទីលំនៅភូមិ ឃុំ ជាមួយគ្នា ធ្លាប់មានទំនាស់នឹងគ្នា ឈានឲ្យមានអំពើរហឹង្សា ហើយជនរងគ្រោះធ្លាប់បានប្តឹងប្តល់ទៅលើជនបង្ក ឲ្យមានសំណងជម្ងឺចិត្ត។
នគរបាលបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយមានការប្តឹងប្តល់ ជនបង្កតែងតែបោះពាក្យសម្តីដៀមដាមដល់ជនរងគ្រោះជាញឹកញាប់។ រហូតមកដល់នៅថ្ងៃកើតហេតុ បន្ទាប់ពីមានការផឹកស៊ីក្នុងភូមិស្រវឹងរៀងខ្លួន ជនបង្កបានយកកាំបិតស្ទុះទៅចាក់លើជនរងគ្រោះមួយកាំបិត ជាប់ឆ្អឹងខ្នង កប់ បណ្តាលឲ្យមុតជ្រៅមួយកាំបិត ធ្វើឲ្យជនរងគ្រោះត្រូវស្លាប់ភ្លាម៕






