
ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជានិងអ៊ីតាលី ក្នុងរយៈ ពេល ១១ខែ នៃឆ្នាំ២០២២ សម្រេចបានប្រមាណ ៤០៩លានដុល្លារអាម៉េរិក ជាមួយ នឹងកំណើនប្រមាណ ៣៦,៦៧% បើធៀបទៅនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ ២០២១។
កម្ពុជានាំចេញមុខទំនិញសំខាន់ៗទៅអ៊ីតាលីដូចជា៖ សម្លៀកបំ ពាក់ ស្បែកជើង និងទំនិញដទៃទៀត ហើយកម្ពុជានាំចូលមុខទំនិញសំខាន់ៗពីអ៊ីតាលីដូច ជា៖ ផលិតផលធ្វើពីស្បែកសត្វ គ្រឿង សម្អាង ម៉ាស៊ីនបោកគក់(ប្រើប្រាស់ក្នុងរោងចក្រកាត់ដេរវាយនភ័ណ្ឌ) ក្រណាត់ប៉ាក់ រថយន្ត និងទំនិញដទៃទៀត។
ការបញ្ជាក់នេះធ្វើឡើង ក្នុងជំនួបរវាងឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម ជាមួយឯកឧត្តម PAOLO DIONISI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពនៃសាធារណរដ្ឋអ៊ីតាលីប្រចាំព្រះរាជាណា ចក្រកម្ពុជា ដែលទើបតែងតាំងថ្មី និងមាននិវេសនដ្ឋាននៅទីក្រុងបាងកក។
ឯកឧត្តម ក៏បានធ្វើការកត់សម្គាល់នូវវឌ្ឍនភាពនានាដែលក្រសួងពាណិជ្ជកម្មបាន និងកំពុងអនុវត្តក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងទិសដៅអាទិភាពពាណិជ្ជ កម្មក្នុងការធ្វើសមាហរណកម្មសេដ្ឋ កិច្ចចូលទៅក្នុងតំបន់និងពិភពលោក និងការធ្វើពិពិធកម្មទីផ្សារនាំចេញឱ្យកាន់តែធំទូលាយថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រីស្តីទី ក៏បានអបអរសាទររដ្ឋាភិបាលនៃប្រទេសអ៊ីតាលី ចំពោះឆន្ទៈក្នុងការធ្វើជាបេក្ខភាពម្ចាស់ ផ្ទះរៀបចំពិព័រណ៍ពិភពលោកឆ្នាំ២០៣០ នៅទីក្រុងរ៉ូម និងបានជូនពរឱ្យបេក្ខភាពអ៊ីតាលីទទួលបានភាពជោគជ័យក្នុងដំណើរការបោះឆ្នោតជ្រើសរើសបេក្ខភាពធ្វើម្ចាស់ផ្ទះ ដែលនឹងប្រព្រឹត្តិទៅក្នុងអំឡុងសន្និសីទប្រចាំឆ្នាំរបស់ការិយាល័យពិព័រណ៍អន្តរជាតិនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញឆន្ទៈក្នុងការបន្តជំរុញ និងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើងបន្ថែមទៀតនាពេលអនាគត។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏នឹងការលើកទឹកចិត្ត និងទាក់ ទាញពាណិជ្ជករ ធុរជន និងវិនិយោគិនអ៊ីតាលី មកទស្សនកិច្ចនៅកម្ពុជាសំដៅស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងធុរកិច្ចនៅកម្ពុជា ព្រម ទាំងលើកទឹកចិត្តភាគីទាំងពីរបង្កើនសកម្មភាពពាណិជ្ជ កម្មទ្វេភាគី ដែលជាកត្តាជួយដល់ការស្តារសេដ្ឋកិច្ចឡើង វិញ និងបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-អ៊ីតាលី ឈានដល់កម្រិតសក្តានុពល។
ឯកឧត្តម ក៏បានជម្រាបជូនអំពីបំណងក្នុងការផ្តល់ជំនួយដល់កម្ពុជាសម្រាប់ការអភិរក្សប្រាសាទនៅតំបន់អង្គរ និងទីក្រុងភ្នំពេញ ដែលពោរពេញទៅដោយសម្បត្តិវប្បធម៌។ ឯកឧត្តម បានស្នើសុំផ្តល់មន្ត្រីទំនាក់ទំនងនៃក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីបន្តសហការ និងពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរ៕




