ថ្លែងក្នុងសន្នីសីទសារព័ត៌មាន តាមរយៈវីដេអូ Conference នៅរសៀលថ្ងៃទី១៧ ខែមីន ឆ្នាំ២០២០នេះ លោកស្រី ជា សិរី អគ្គនាយកបចេ្ចកទេសនៃធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងថា វិធានការថ្មីចំនួន៣ ដែលដាក់ចេញដោយធនាគារជាតិរួមមាន៖
១៖ ធនាគារជាតិនៃកម្ពុជា ពន្យារការឲ្យអនុវត្តន៍នូវប្រកាស ស្ដីពីទ្រនាប់ដើមទុន ដែលគ្រោងឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបង្កើនទុនបង្វិល ដែលមានអនុបាតពី៥០ភាគរយទៅ១០០ភាគរយ នៅដើមឆ្នាំ២០២០ ត្រូវពន្យារពេលដល់ឆ្នាំ២០២១។
ការធ្វើបែបនេះ ដើម្បីឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មានដើមទុនច្រើនក្នុងដៃ ងាយស្រួលផ្តល់កម្ចីឲ្យអតិថិជន។
២៖ កាត់បន្ថយអត្រាការប្រាក់នៃប្រតិបត្តិការផ្ដល់សន្ទនីយភាពមានការធានា ហៅកាត់ថា LPCO ។
ចាប់ពីថ្ងៃនេះ ធនាគារជាតិនៃកម្ពុជា សម្រេចកាត់បន្ថយអត្រាការប្រាក់ ដើម្បីឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដេញថ្លៃរកប្រាក់រៀល ប្រើប្រាស់ជាដើមទុន។
៣៖ កាត់បន្ថយការប្រាក់មូលបត្រអាចជួញដូរបាន (NCD) ដែលកន្លងទៅគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ទិញពីធនាគារជាតិនៃកម្ពុជា ដើម្បីចំណេញអត្រាការប្រាក់ ប៉ុន្តែចាប់ពីស្អែកទៅ គឺត្រូវកាត់បន្ថយអត្រាការប្រាក់ ឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បង្ខិលពីការទិញ NCD ទៅជាផ្តល់កម្ចីឲ្យអតិថិជនវិញ ។






