ខេត្តកណ្តាល ៖ បុរសម្នាក់ ធ្លាប់ជាប់ពន្ធនាគារពីរលើករួចមកហើយដោយសារជួញដូរគ្រឿងញៀនខុសច្បាប់ លុះពេល ចេញមកវិញមិនកែខ្លួន រឹតតែជួញលើសដើម ទីបំផុតត្រូវប៉ូលិសស្រុកស្អាងវាយខ្នោះបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ ការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចធ្វើឡើងកាលពីវេលា ម៉ោងជាង៥ល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ជនសង្ស័យស្ថិតក្នុងភូមិរការលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក សេង សុជាតិ អធិការស្រុកស្អាងបានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ មួន ណន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។ ជនសង្ស័យ មួន ណន គឺធ្លាប់ជាប់ពន្ធនាគារ ចំនួន ០២លើក រួចមកហើយ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន) ។
លោកអធិការបានឱ្យដឹងបន្ថែមថា ក្រោយទទួលបានព័ត៌មានពីពលរដ្ឋ ថាមានសកម្មភាពជួញដូរគ្រឿងញៀននៅចំណុច ខាងលើ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលខ្ពប ក្រុមប្រឹក្សាឃុំ និងលោកមេភូមិ រកាលើ បានចុះដល់ផ្ទះជនសង្ស័យ ប៉ុន្តែជនសង្ស័យឈ្មោះ មួន ណន បានឃើញសមត្ថកិច្ចនគរបាលរួចរត់ទៅទិសខាង លិច ភ្លាមនោះសមត្ថកិច្ចនគរបាល បានដេញតាមឃាត់ខ្លួនបាន រួមនឹងម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់ធំ ដែលជនសង្ស័យទំលាក់ចោលនៅគុម្ពចេក ។ បន្ទាប់មកសមត្ថកិច្ចនគរបាល បានបន្តទៅ ធ្វើការត្រួតពិនិត្យ ឆែកឆេរផ្ទះរបស់ជនសង្ស័យ បានរកឃើញសំភារៈវេចខ្ចប់ ប្រើប្រាស់មួយចំនួន នៅក្នុងផ្ទះ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ មួន ណន បានសារភាពថា ខ្លួនទិញគ្រឿងញៀន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់ធំ
តម្លៃ១,០០០,០០០៛ (មួយលានរៀល)ពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅចំណុចវាលខ្សាច់ ចាក់អង្រែលើ រាជធានីភ្នំពេញ
ដើម្បីយកមកវេចខ្ចប់លក់ក្នុង០១កញ្ចប់ តម្លៃ ១៥$ ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបានឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការបន្ត ៕ ដោយ ដាំ ជា











