កំពង់ស្ពឺ ៖យុវជនម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ធ្វើការឃាត់ខ្លួន និងដកហូតបានលុយចំនួន៧០០ដុល្លា ផងដែរ ខណៈដែលយុវជនខាងលើ បានធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិជាមួយគ្នា កាលពីវេលាម៉ោង ០៥និង៣០នាទីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨។
នគរបាលស្រុក បាននិយាយថា កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋានស្រុកសំរោងទង បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនយុវជនម្នាក់ជាមុខសញ្ញាសង្ស័យ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសលួចគាស់ផ្ទះយកទ្រព្យសម្បត្ដិកាបូប (ប្រាក់ដុល្លារចំនួន៧០០)ដោយសារម្ចាស់ផ្ទះមិននៅទៅធ្វើការងារអស់នោះ។
តាមការបញ្ជាក់ឲ្យដឹងពីលោក វរសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទងថា ជនសង្ស័យមានឈ្មោះ ផេង ពន្លក ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរំលេច ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានធ្វើ សកម្មភាពគាស់ផ្ទះជនរងគ្រោះឈ្មោះ ផាន សុភាព ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិជាមួយគ្នាយកកាបូបស្ពាយមួយ។
បន្ទាប់ពីកំណត់បានមុខសញ្ញា នគរបាលឈានទៅឃាត់ខ្លួនជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព គាស់ទ្វាផ្ទះចូលទៅ រួចបានយកកាបូបស្ពាយមួយក្នុងនោះមាន លុយដុល្លារចំនួន ៧០០ដុល្លារ(700$) ពិតប្រាកដមែន។
បច្ចុប្បន្នកម្លាំងនគរបាលស្រុក បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តដើម្បីកសាងសំណុំរឿងចាត់ការ បន្តតាមនីតិវិធី៕ អ៊ុ ណូន












