ខេត្តកំពង់ស្ពឺ ៖ មេកន្ទុយលេខ (មេឆ្នោតយួន) ចំនួន០២នាក់ម្តាយកូន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ធ្វើការឆ្មក់បង្ក្រាបបាន រួមជាមួយវត្ថុតាងជាច្រើន បន្ទាប់ពីធ្វើការតាមដានជាយូរណាស់មកហើយ ខណៈដែលការបង្ក្រាបមេកន្ទុយលេខនេះ ហាក់បីដូចជាវាយបំបែកឆ្នាំងបាយរបស់សមត្ថកិច្ចស្រុកភ្នំស្រួច ជាពិសេសគឺលោកអធិការរងនគរបាលស្រុកម្នាក់ផងដែរ។
ហេតុការឆ្មក់បង្ក្រាបមេកន្ទុយលេខខាងលើនេះ បានកាលពីវេលាម៉ោង០៣រសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្នុងភូមិត្រពាំងក្រឡឹង ឃុំគិរីវន្ត័ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់មន្ត្រីនគរបាលខេត្ត បាននិយាយអោយដឹងថា កាលពីរសៀលនគរបាលបានធ្វើការឆ្មក់បង្ក្រាបល្បែងស៊ីសង (កន្ទុយលេខ ឆ្នោតយួន) មួយកន្លែង ស្ថិតនៅផ្ទះរបស់ឈ្មោះ ហុក ស្រេង ភេទប្រុស អាយុជាង៥០ឆ្នាំ ក្នុងភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នគរបាលដដែលបានបន្តថា នៅមុនពេលឃាត់ខ្លួនក្រុមមេកន្ទុយលេខទាំង០២នាក់ខាងលើបាន គឺមានប្រជាពលរដ្ឋបានរាយការណ៍មកកម្លាំងនគរបាលខេត្ត ថាមានទីតាំងល្បែងស៊ីសងកន្ទុយលេខ (ឆ្នោតវៀតណាម) លុយមួយថ្ងៃៗរាប់រយលានរៀល ដោយមិនខ្លាចញញើតច្បាប់សូម្បីតែបន្តិច ដោយសារតែមានលោកអធិការរងនគរបាលស្រុកម្នាក់ បានកាង និងជាខ្នងបង្អែកទៀតផង ទើបមេកន្ទុយលេខខាងលើ មិនញញើតសមត្ថកិច្ចស្រុកភ្នំស្រួចនោះឡើយ។ បន្ទាប់ពីទទួលបានការរាយការណ៍មក កម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការឆ្មក់ បង្ក្រាបទីតាំងលេងល្បែងស៊ីសង (កន្ទុយលេខ) នៅភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្នុងកិច្ចប្រតិបត្តិការខាងលើ យើងបានធ្វើកាឃាត់ខ្លួនមនុស្សចំនួន ០២នាក់ស្រី។ មេកន្ទុយលេខដែលឃាត់ខ្លួននោះ មានឈ្មោះទី០១ ឈ្មោះ ឈុន រុន ភេទស្រី អាយុ៤២ឆ្នាំ ជាមេកន្ទុយលេខអ្នកកត់ស៊ីសង ត្រូវជាប្រពន្ឋរបស់ឈ្មោះ ហុក ស្រេង ម្ចាស់ផ្ទះតែម្តង រស់នៅភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, និងទី០២មានឈ្មោះ ហុក សៀងលីម ភេទស្រី អាយុ២១ឆ្នាំ ជាកូន ជាអ្នកកត់ និងស៊ីសង ដែលរស់នៅភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺជាមួយគ្នា។
នគរបាលបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនបានមេឆ្នោតយួនទាំង០២នាក់ខាងលើ នគរបាលដកហូតវត្ថុតាងរួមមាន៖
– ក្រដាសកត់កន្ទុយលេខ មួយចំនួនធំ
– សៀវភៅកត់លេខ ចំនួន០៣ក្បាល
– ក្រដាសរាម មួយដុំធំ
– ទូរស័ព្ទដៃចំនួន ០២គ្រឿង ម៉ាកសាំស៊ុង០១គ្រឿង និងម៉ាកអាយហ្វូន០១គ្រឿង
– ម៉ាស៊ីនគិតលេខចំនួន ០១គ្រឿងផងដែរ
បច្ចុប្បន្នក្រុមមេកន្ទុយលេខ រួមជាមួយវត្ថុតាងខាងលើ ត្រូវបាននគរបាលខេត្ដនាំយកមកឃុំខ្លួន នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ រង់ចាំបញ្ជូនបន្តដើម្បីចាត់ការតាមផ្លូវច្បាប់។
ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺទាំងមូល សំណូមពរដល់អស់លោកសមត្ថកិច្ ចក្នុងខេត្តកំពង់ មានឆន្ទះក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ជុំវិញផ្សារកំពង់ស្ពឺផងដែរ៕ អ៊ុ ណូន








