កំពង់ស្ពឺ ៖ ក្រុមជនសង្ស័យ ជាមុខសញ្ញាប្លន់ម៉ូតូយ៉ាងសកម្មចំនួន ០៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋ ធ្វើការបង្ក្រាបបានខណៈដែលក្រុមជនសង្ស័យធ្វើសកម្មភាពកំហែងយក (ប្លន់) ម៉ូតូ ពីនារីវ័យក្មេងម្នាក់បានសម្រេច ហើយព្យាយាមជិះគេចខ្លួន តែត្រូវបាននាងមកដាក់ពាក្យបណ្តឹងទាន់ពេល កម្លាំងនគរបាលចេញបង្ក្រាបបានភ្លាមៗ ចំនួន០៣នាក់ រត់គេចខ្លួនម្នាក់ កាលពីវេលាម៉ោង០៣និង១០នាទីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅលើទំនប់ វត្តពោធិក្នុងភូមិ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
តាមសម្តីរបស់មន្ត្រីនគរបាលស្រុក បាននិយាយអោយដឹងថា នៅថ្ងៃព្រហស្បត្តិ៍១រោជ ខែបឋមាសាឍ ឆ្នាំចរ សំរទ្ធីស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ មានករណីកំហែងយកម៉ូតូ ០១គ្រឿង ម៉ាកស៊ុយស៊ូគីនិច ស៊េរីឆ្នាំ ២០១៧ ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H:9988 ជនរងគ្រោះជាម្ចាស់ម៉ូតូមាន ឈ្មោះ ឆេង លីណា ភេទស្រី អាយុ២០ឆ្នាំ ជាសិស្ស រស់នៅភូមិក្រាំងអំពឹល ឃុំក្រាំងស្គា ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។
នគរបាល បាននិយាយអោយដឹងថា ករណីនេះម្ចាស់ម៉ូតូមិនបានរាយការណ៍មកសម្ថកិច្ចឡើយពេលបាត់ម៉ូតូភ្លាមៗនោះ លុះ រហូតដល់ម៉ោង១៥:០០នាទី ទើបគាត់រាយការណ៍មកសម្ថកិច្ចយើង។ នគរបាល បានបន្តថា ក្រោយទទួលបាន ព័ត៌មានរួចមក កំលាំងជំនាញ បានស្រាវជ្រាវកំណត់មុខសញ្ញាភ្លាមៗ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ផងដែរ។
ជនសង្ស័យទី០១មានឈ្មោះ ហ៊ែល ម៉េង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំប៉ោ ឃុំបឹងត្រាញ់ ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។ ទី០២ឈ្មោះមាន ហុង (ហៅឆុង) ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។ និងទី០៣ឈ្មោះ សែម សីហា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរមន្ត ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតកែវ ។ ចំណែកបក្សពួកគេ ម្នាក់ទៀតបានរត់គេចខ្លួននោះ ឈ្មោះ គង់ ម៉ៅ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដរស់ នៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោងខេត្តាកែវដូចគ្នា។
នគរបាលស្រុក បានបន្តទៀតថា ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំងបីនាក់រួចមក ក្រុមជនសង្ស័យ បានឆ្លើយ សារភាពថា ខ្លួននិងបក្សពួក ពិតជាបានធ្វើសកម្មភាពកំហែងយកម៉ូតូពីជនរងគ្រោះ នៅចំណុចលើទំនប់វត្តពោធិ ភូមិ ឃុំ ខាងលើពិតមែន។ ហើយកន្លងមក បក្សពួករបស់ខ្លួន ធ្លាប់ធ្វើសកម្មភាពប្លន់យកម៉ូតូនៅតាមផ្លូវជាតិលេខ៣ ជាញឹកញាប់ ថែមទៀតផង។
បន្ទាប់ពី កម្លាំងនគរបាលស្រុក ធ្វើការឃាត់ខ្លួនបានក្រុមជនសង្ស័យទាំង០៣នាក់ រួមទាំងវត្ថុតាង បានយកមកអធិការដ្ឋាន នគរបាលស្រុក ធ្វើការសាកសួររួច បានកសាងសុំណុំរឿងបញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវ ច្បាប់ ចំណែកបក្សពួកម្នាក់ទៀតដែលរត់គេចខ្លួននោះ កម្លាំងនគរបាលស្រុក កំពុងតែតាមប្រមាញ់ហើយ៕ អ៊ុ ណូន









