ខេត្តកំពង់ស្ពឺ ៖ ក្រុមអ្នកញៀនល្បែងជល់មាន់ចំនួន០៣នាក់ រួមជាមួយអាគកចំនួន០២ក្បាល ខណៈដែលក្រុមមនុស្សមួយហ្វូង រត់បាតជើងសព្រាត ពេលដែលកំពុងតែប្រមូលផ្តុំគ្នាជល់មាន់ ហើយកម្លាំងនគរបាលឆ្មក់បង្ក្រាបបាន កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្នុងព្រៃរបោះៗខាងកើត ភូមិអង្គតានន ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលស្រុកសំរោងទង បាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួន បានក្រុមជនសង្ស័យញៀនល្បែងខាងលើ គឺកម្លាំងនគរបាលស្រុក ធ្វើការតាមដានស្រាវជ្រាវជាយូរណាស់មកហើយ ក៏ធ្វើការឆ្មក់បង្ក្រាបបានក្រុមជនសង្ស័យខាងលើតែម្តង។ កំលាំងនគរបាលស្រុកសំរោងទង បានបង្ក្រាបទីតាំងជល់មាន់០១កន្លែង នៅក្នុងព្រៃខាងកើតភូមិអង្គតានន ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំងាយ២០០ម៉ែត្រពីភូមិ ក្នុងនោះឃាត់មនុស្សបានចំនួន០៣នាក់។
នគរបាលស្រុកបាននិយាយអោយដឹងថា ជនសង្ស័យទី០១មានឈ្មោះ ទ្រី តឹក ភេទប្រុស អាយុ៣២ឆ្នាំមុ ខរបរមិនពិតប្រាកដ រស់ភូមិស្ពានតោ ឃុំរលាំងគ្រើល ស្រុកសំរោងទង, ទី០២មានឈ្មោះ ចាន់ សឿង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង, និងទី០៣មានឈ្មោះ ចយ ចន្ថន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិ អន្លុង់បារាំង ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ក្រោយឃាត់ខ្លួនបានក្រុមញៀនល្បែងទាំង០៣នាក់ខាងលើ កម្លាំងសមត្ថកិច្ចដកហូតបាន មាន់ជល់ចំនួន០២ក្បាល ម៉ូតូចំនួន០៦គ្រឿងផងដែរ ខណៈដែលក្រុមញៀនល្បែងរត់បាតជើងសព្រាតគេចខ្លួនបាត់អស់។ ករណីនេះកម្លាំងនគរបាលស្រុកបាន កសាងសំណុំរឿងចាត់ការតាមនិតិវិធី៕ អ៊ុ ណូន









