
កណ្តាល: មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលបង្ក្រាបបាន រួមជាមួយថ្នាំញៀន២០កញ្ចប់ កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ អង្គស្នួល ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា៖ មុខសញ្ញាដែលត្រូវឃាត់ខ្លួនខាងលើ ឈ្មោះ សែម វិសាល ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យរូបនេះ គឺមានដីកាបង្គាប់ឱ្យចាប់ខ្លួនចំនួន០៣,
១-ដីកាលេខ២០៦ ចុះថ្ងៃទី០៤.០៦.២០១៩ របស់ចៅក្រម ស៊ើបសួរ គឹម ម៉េង ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី០៣.០៥.២០១៩។
២-ដីកាលេខ៥៨២ ចុះថ្ងៃទី២០.១១.២០១៩ របស់ចៅក្រម ស៊ើបសួរ ប្លុង វិសាល ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី១៧.០៨.២០១៩។
៣-ដីកាលេខ១៥៣ ចុះថ្ងៃទី២៥.០២.២០២០ របស់ចៅក្រម ស៊ើបបសួរ រស់ ជុនចាន់និមល ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី១៩.០១.២០២០។
ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបាន ម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារធាតុញៀនចំនួន២០កញ្ចប់( ធំ១១កញ្ចប់ មធ្យម០៩), លោហៈធាតុពណ៌លឿងសង្ស័យជាផ្លាទីន០១ខ្សែ ជាប្រភេទខ្សែអង្គាដី, ម៉ូតូ០១គ្រឿងម៉ាកនិច ពណ៌ ស ផ្លាកលេខកណ្តាល1P2786, ទូរសព្ទ័ដៃ១គ្រឿងម៉ាកអាយហ្វូនសិច ឧបករណ៍វេចខ្ចប់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួន។
លោកអធិការបានឲ្យដឹងទៀតថា នៅវេលាកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍រដ្ឋបាលក្រាំងម្កាក់ បានល្បាតបានប្រទះឃើញជនសង្ស័យកំពុងឈរតាមផ្លូវ ក៏ហៅត្រួតពិនិត្យ ស្រាប់តែជនសង្ស័យជិះម៉ូតូគេចខ្លួន ។
ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ រាយការណ៍សហការណ៍ជាមួយកម្លាំងផ្នែកជំនាញគ្រឿងញៀនស្រុក កម្លាំងព្រហ្មទណ្ឌស្រុក កម្កាំងប៉ុស្តិ៍បែកចាន បានធ្វើការដេញតាម និងពួនស្ទាក់ ដល់ចំណុចភូមិចក ឃុំបែកចាន ជនសង្ស័យបានទំលាក់បោះចោលថ្នាំញៀន តែកម្កាំងបានរកឃើញ។
ចំណែកជនសង្ស័យបានបន្តគេចខ្លួនរហូតដល់ចំណុចភូមិអណ្តូង ឃុំបែកចាន ហើយបានផ្តួលម៉ូតូចោល និងរត់គេចខ្លួន ក្រោយមក ត្រូវបានកម្លាំងសមត្ថកិច្ចតាមរកឃើញឃាត់ខ្លួនបានភា្លមៗ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនខាងលើ ពិតជារបស់ខ្លួនប្រាកដមែន ហើយខ្លួនបានទិញពីមនុស្សម្នាក់មិនស្គាល់ឈ្មោះនៅម្ដុំផ្លូវរទេះភ្លើងភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ឃាត់ខ្លួននៅអធិការដ្ឋាននករបាលស្រុកអង្គស្នួលដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕