រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ថ្ងៃទី១៦ ខែធ្នូ ជនសង្ស័យឈ្មោះ អ៊ឹង ហ៊ុម អាយុ២៨ឆ្នាំ កំពុងស្ថិតក្នុងការសាកសួរពីសមត្ថកិច្ចនគរបាលជំនាញ ខណៈដែលជនសង្ស័យ អ៊ឹង ហ៊ុម ជាប់សង្ស័យថាបានកាត់ត បង្ហោះវីដេអូអំពីសកម្មភាពជនជាតិចិន វាយកាប់ចាក់គ្នានៅក្នុងរាជធានីភ្នំពេញ ដែលរស់នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
គួររំលឹកដែរថា ជនសង្ស័យឈ្មោះ អ៊ឹង ហ៊ុម ត្រូវបាននគរបាលតាមស្រាវជ្រាវ ក្នុងករណីបង្ហោះរូបភាពវីដេអូកាត់ត ក្នុងបណ្តាញសង្គម ដែលចោទថា មានជនជាតិចិនមួយក្រុមកាន់កាំបិត ដាវដូចក្នុងភាពយន្តចិនហុងកុង ដែលខ្សែរវីដេអូនោះ បានបង្កអោយមានការភ័ន្តច្រឡំ ពីសាធារណមតិយ៉ាងខ្លាំង។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងថា វីដេអូរនេះមានការកាត់តរូបភាពក្នុងចេតនាបំពុលបរិយាកាសសង្គម បង្ករអោយមានការភ័ន្តច្រឡំ និងបង្កើតអោយមានការរើសអើងពូជសាសន៍ក្នុងប្រទេសកម្ពុជា។ ក្នុងសកម្មភាពចាប់ខ្លួន សមត្ថកិច្ចនគរបាលជំនាញ បានចាប់ដកហូតវត្ថុតាង រួមមានទូរស័ព្ទ ០១គ្រឿង កុំព្យូទ័រ ០១គ្រឿង និងកុំព្យូទ័រយួរដៃ ០២គ្រឿង ស៊ីមកាត metfone ជាច្រើន និងឧបករណ៍តបណ្តាញអ៊ិនធឺណែតមួយចំនួន។
ជនសង្ស័យបានសារភាពប្រាប់នគរបាលថា គោលបំណងក្នុងការបង្ហោះវីដេអូនោះ គឺដើម្បីអោយការផលិតខ្សែវីដេអូរបស់ខ្លួននោះ ត្រូវបានគេចាប់អារម្មណ៍ ទទួលបានការស្វែងរកចុច Like ចែករំលែក (Share) ដើម្បីឲ្យជនសង្ស័យបានចំនូលពីបណ្ដាញសង្គមហ្វេសប៊ុក និង Google ឲ្យបានច្រើន។ ជនសង្ស័យនិយាយថា ការផលិតខ្សែវីដេអូនេះ គឺដោយសារតែពលរដ្ឋខ្មែរបច្ចុប្បន្នកំពុងតែចាប់អារម្មណ៍នឹងសកម្មភាពជនជាតិចិនក្នុងប្រទេសកម្ពុជា៕






