នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោកហ្សេកបាស ហ្សារីព(Shehbaz Sharif )បានសម្តែងការតក់ស្លុត និងសោកស្ដាយជាខ្លាំងកាលពីថ្ងៃចន្ទ ចំពោះការវាយប្រហារលើក្បួនរថយន្តជាតិចិននៅក្នុងទីក្រុងកំពង់ផែ Karachi ភាគខាងត្បូងរបស់ប្រទេស កាលពីយប់ថ្ងៃអាទិត្យ ដែលបណ្តាលឲ្យពលរដ្ឋចិនពីរនាក់ស្លាប់ និងម្នាក់ទៀតរងរបួស។
នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ នាយករដ្ឋមន្ត្រីបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ “ទង្វើដ៏អាក្រក់” និងបានផ្តល់នូវ “ការរំលែកទុក្ខដ៏ស្មោះស្ម័គ្ររបស់គាត់” ទៅកាន់ប្រជាជននៃប្រទេសចិន ជាពិសេសក្រុមគ្រួសារនៃជនរងគ្រោះ។
នាយករដ្ឋមន្ត្រីក៏បានអះអាងសារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ប៉ាគីស្ថានក្នុងការការពារជនជាតិចិននៅក្នុងប្រទេសនេះ ដោយសន្យាថារាល់វិធានការដែលអាចធ្វើទៅបាននឹងត្រូវបានធ្វើឡើងដើម្បីធានាសុវត្ថិភាពរបស់ពួកគេ។
នៅព្រឹកថ្ងៃច័ន្ទ ស្ថានទូតចិនប្រចាំប្រទេសប៉ាគីស្ថានបាននិយាយថា ការវាយប្រហារនេះបានកើតឡើងនៅម៉ោងប្រហែល ១១:០០ យប់ នៅពេលដែលក្បួនរថយន្តមកពីក្រុមហ៊ុនថាមពលអគ្គិសនី Port Qasim ត្រូវបានវាយប្រហារដោយភេរវករនៅជិតអាកាសយានដ្ឋានអន្តរជាតិ Jinnah ក្នុងទីក្រុង Karachi ៕
ប្រែសម្រួលដោយ ម៉ានិច






