រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯអគ្គរដ្ឋ ទូត ឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានឯកភាពលើការពង្រឹងកិច្ចសហការបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈការផ្តល់អាហារូប ករណ៍ និងលទ្ធភាពនៃការផ្លាស់ប្តូរសិក្ខាកាមបច្ចេកទេសនៃប្រទេសទាំងពីរ។
នេះ គឺជាការគូសបញ្ជាក់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ និងឯកឧត្តម Santo Darmosumarto ក្នុងជំនួបនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា នេះ។
ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាលនោះ ថ្នាក់ដឹកនាំទាំងពីរ បានលើកឡើងពីការពិនិត្យលទ្ធភាពផ្តល់អាហាររូបករណ៍ដល់ពលរដ្ឋកម្ពុជាលើជំនាញបច្ចេកទេសវិជ្ជាជីវៈដែលឥណ្ឌូនេស៊ីមានសក្តានុពល និងលទ្ធភាពនៃការផ្លាស់ប្តូរសិក្ខាកាមផ្នែកបច្ចេក ទេសវិជ្ជាជីវៈរវាងប្រទេសទាំងពីរ។ សម្រាប់ថ្នាក់ដឹកនាំទាំងពីរ កិច្ចការនេះ នឹងក្លាយជាចលករសំខាន់សម្រាប់ជួយជ្រោមជ្រែងទំនាក់រវាងប្រជាជននិងប្រជាជន និងប្រទេសជាតិទាំងពីរឱ្យកាន់តែស្អិតរមួតផងដែរ។
បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានជជែក និងចែករំលែកពីទស្សនៈវិស័យក្នុងនាមប្រទេសបញ្ជូនពលករច្រើនទៅកាន់ពិភពលោកដូចគ្នា។
ក្នុងនោះឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់ក្រសួងការងារ និងរាជរដ្ឋាភិ បាលទាំងមូលដែលបានមើលថែពលរដ្ឋខ្លួនដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសកម្ពុជាដោយគ្មានការរើសអើង។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ទៅកាន់ភាគីឥណ្ឌូនេស៊ីថា ក្រសួងការងារក្នុងនាមជាប្រទេសទទួល និងក្នុងនាមជាមិត្តនៅតំបន់អាស៊ាន ការផ្តល់ការគោរពសិទ្ធិដល់ពលរដ្ឋទូទៅ និងជនបរទេសជាកាតព្វកិច្ចដែលកម្ពុជាត្រូវធ្វើឱ្យល្អបំផុតជាពិសេសក្នុងអាណត្តិទី៧នេះដែលក្រសួងបានយកចិត្តទុកដាក់ជាអាទិភាពមិនថាពលរដ្ឋបរទេសក្នុងទឹកដីកម្ពុជា ឬពលរដ្ឋកម្ពុជាដែលចេញទៅបម្រើការនៅបរទេសនោះទេ៕






