រាជធានីភ្នំពេញ ៖ ថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ ម៉ោង ០៨:៥៥ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោក ម៉ត មាសភក្តី បានឲ្យដឹងថា បើមិនមានការប្រែប្រួលនោះទេ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី នៅរង្វង់មូលចោមចៅ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ ។
លោកបន្តថា មុននឹងធ្វើពិធីបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី២៩ ខែមិថុនា នៅល្ងាចថ្ងៃទី២៨ ខែមិថុនា អាជ្ញាធររាជធានីភ្នំពេញដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នឹងធ្វើពិធីក្រុងពាលី ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីទៅតាមប្រពៃណី ។
លោក ម៉ត មាសភក្តី បានបញ្ជាក់ថា សំណង់ការរដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅនោះ គឺជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញអនុវត្តដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា (O C I C ) មានរយៈពេល៣០ខែនឹងត្រូវបញ្ចប់ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់សំណង់ការរដ្ឋាននេះមេត្តាយោគយល់ និងអធ្យាស្រ័យ ។ ប្រភពពីបណ្តាញសង្គម









