ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាជួញដូរគ្រឿងយ៉ាងសកម្មមួយក្រុម ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋ ធ្វើការបង្ក្រាបបាននៅក្នុងផ្ទះសំណាក់យីហោ ហេង លី ឃាត់បានមនុស្ស០៧នាក់ រួមជាមួយសម្ភារៈ និងវត្ថុតាង ព្រមទាំងកាំភ្លើងខ្លី និងគ្រាប់មួយចំនួនទៀតផង កាលពីវេលាម៉ោង០២ និង៣០នាទី រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងភូមិត្រពាំងខ្យង ឃុំទួលអិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់នគរបាលស្រុកបសេដ្ឋបាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យបានខាងលើ គឺកំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌខេត្ត បានសហការជាមួយជំនាញ នៃអធិការដ្ឋានស្រុកបសេដ្ឋ បានដំណេីរការត្រួតពិនិត្យផ្ទះសំណាក់យីហោ ហេង លី ដែលម្ចាស់មានឈោ្មះ ឆែ លីម ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិឃំុកេីតហេតុខាងលេីតែម្តង។
នគរបាលបានបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើ កម្លាំងនគរបាលបានធ្វើការឃាត់ខ្លួនមនុស្សចំនួន០៧នាក់។ ក្រុមជនសង្ស័យដែលឃាត់ខ្លួននោះ រួមមានទី០១. ឈ្មោះ នួន គឹមហៃ ហៅរ៉ាវុធ ភេទប្រុស បំរើការងារនៅអគ្គនាយកដ្ឋានស្រាវជ្រាវ (ចារកិច្ច) ទៀតផង មិនទាន់ស្គាល់អាស័យដ្ឋាននៅឡើយ។ ទី០២. ឈ្មោះ ហៃ ហ៊ីម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹង ឃុំជង្រុក ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ ទី០៣. ឈ្មោះ ផន រ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជង្រុក ឃុំជង្រុក ស្រុកគងពិសី។ ទី០៤. ឈ្មោះ លុន វណ្ណះ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជង្រុក ឃុំជង្រុក ស្រុកគងពិសី។ ទី០៥. ឈ្មោះ ឈុំ រ៉េត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅដំណាក់ពង្រ ឃុំជង្រុក ស្រុកគងពិសី។ ទី០៦. ឈ្មោះ សុខ ថៃ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅដំណាក់ពង្រ ឃុំជង្រុក ស្រុកគងពិសី។ និងទី០៧. ឈ្មោះ ណាំ សែ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិនរាយ ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ក្រោយពីធ្វើការឃាត់ខ្លួន កម្លាំងនគរបាលបានធ្វើការឆែកឆេរ និងដកហូតវត្ថុតាងបានរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាគ្រឿងញៀន ប្រភេទម៉ាទឹកកកចំនួន០១កញ្ចាប់មធ្យម, ទឹកមានសាធាតុញៀនចំនួន០១ដបតូច, ថង់ផ្លាស្ទិចសំរាប់វិចខ្ចប់ និងច្រកសាធាតុញៀនជាច្រេីនកញ្ចាប់, កូនពូថៅមានស្រោម១, ដាវសាម៉ូរ៉ៃចំនួន០១ដើម, ព្រមទាំងឧបករណ៍សម្រាប់ប្រេីប្រាស់គ្រឿងញៀន។ លេីសពីនោះ សមត្ថកិច្ចក៏រកឃើញមានទុណឺវីសចំនួន០៣ដេីម, ទុលល្វីសកន្ទុយអន្ទុងសំរាប់កាចសោកម៉ូតូ០១ដើម, ដែកឆាបមូល០១, សោរតាន់ចំនួន០១ឈុត, ម្ជុលស្រួច០១ដេីម, ដែកកាប់០១ដេីម, កូនពិលតូច០១, លួសឆ្កឹះសោរចំនួន០២, កូនកាំបិតកៃ០១, កូនសោ០២ចង្កោម, អាវុធខ្លីម៉ាកឡុក០១ដេីម បង់២គ្រាប់ចំនួន១៧គ្រាប់, និងម៉ូតូចំនួន០៣គ្រឿងផងដែរ។
បច្ចុប្បន្នក្រុមជនសង្ស័យចំនួន០៧នាក់ខាងលើ រួមជាមួយវត្ថុតាងយ៉ាងច្រើនលើសលុបនោះ ត្រូវបានសួរនាំ និងកសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ អ៊ុ ណូន






