ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកឱរ៉ាល់ ធ្វើការបង្ក្រាបមុខសញ្ញាគាស់ផ្ទះ ប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ ហើយព្យាយាមជិះម៉ូតូគេចខ្លួន ប៉ុន្តែសំណាងមិនល្អ ជាប់អន្ទាក់សមត្ថកិច្ច កាលពីវេលាម៉ោង០៥ល្ងាច ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅលើផ្លូវលេខ៤៤ ចំណុចភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់មន្ត្រីនគរបាលស្រុកឱរ៉ាល់ បាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ គឺកម្លាំងព្រហ្មទណ្ឌស្រុក និងកម្លាំងនគរបាលចរាចរណ៍អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បានសហការណ៍ឃាត់មុខសញ្ញាចោរកម្ម លួចគាស់ផ្ទះយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ បានចំនួន០២នាក់។
នគរបាលដដែលបានបន្តថា ជនសង្ស័យទី០១ មានឈ្មោះ រឿន ចំណាន ហៅម៉ាញ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ព្រៃគុយ ឃុំត្រពាំងគង ស្រុសំរោងទង ខេត្តកំពង់ស្ពឺ និងទី០២ មានឈ្មោះ ដាវ វ៉ាន់សៀង ហៅសាំង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្រោយធ្វើការឃាត់ខ្លួន បានក្រុមជនសង្ស័យរួមជាមួយវត្ថុតាងដកហូតបាន រួមមានម៉ូតូចំនួន០១គ្រឿង ទូរស័ព្ទដៃចំនួន០៣គ្រឿងផងដែរ។
បច្ចុប្បន្នក្រុមជនសង្ស័យ និងវត្ថុតាង ត្រូវនគរបាលស្រុកកសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕ អ៊ុ ណូន







