រាជធានីភ្នំពេញ ៖ បង្គោលភ្លើង EDC មួយដើម ដែលគេអះអាងថា ផលិតឡើងដោយគ្មានគុណភាពមានសសៃដែកប៉ុនធូប បានបាក់ដាច់ ត្រឹមគល់ដួលរលំទាំងជំហរ សង្កត់ទៅលើថយន្តដឹកសម្ភារៈក្មេងលេងមួយគ្រឿង តែសំណាងពុំបណ្តាល អោយអ្នករងរបួស។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២៩១៨ នៅផ្លូវលំភូមិព្រៃព្រីង ខាងត្បូងទី១ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានី។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ មួយគឿង ពណ៌ស ពាក់ស្លាកលេខ កំពត ៣A 0274 មួយគ្រឿង បានដឹកសម្ភារៈក្មេងលេង កន្ត្រក សេះហោះ បានធ្វើដំណើរពីត្បូង ទៅជើង ចូលទីក្នុងភូមិ ដើម្បីដាក់ក្នុងដីឡូតិ៍មួយកន្លែង រៀបចំដាក់អោយក្មេងលេង ។ ខណៈពេលធ្វើដំណើរ មកដល់កន្លែង កើតហេតុ មានម៉ូតូមួយគ្រឿងនៅពីមុខ រថយន្តក៍បានឈប់រងចាំម៉ូតូទៅផុត ស្រាប់តែបង្គោលភ្លើងមួយដើមនៅខាងលិចផ្លូវ ក៍បានបាក់ដាច់ត្រឹមគល់ ដួលរលំទៅសង្កត់ពីលើរថយន្តតែម្តង ។
តាមប្រភពប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានអោយដឹងថា នេះជាសំណាងល្អ ដែលបានរថយន្តទ្រកុំអី ក្មេងៗព្រម ទាំងអ្នកផ្ទះ នៅអង្គុយលេង ច្បាស់ជាត្រូវ បង្គោលភ្លើងរលំសង្កាត់បណ្តាលអោយគ្រោះថ្នាក់មិនខានឡើយ ។
ទន្ទឹមការបាក់នោះ ក្មេងៗ និងអ្នកនៅផ្ទះចំបង្គោលភ្លើងរលំ ក៍បាននាំគ្នារត់ចេញទាំងព្រលឹងចុងសក់ផងដែរ ។
អ្វីដែលចាប់អារម្មណ៍ បន្ទាប់ពីបាក់បង្គោលភ្លើង គេឃើញថា បង្គោលភ្លើងនោះ មានសសៃដែកចំនួន ៣សសៃ ដែលដែក នីមួយៗប៉ុនធូប នៅជាប់ខាងគៀនសសរ ។ ទន្ទឹមនោះ ប្រជាពលរដ្ឋ មានការរិះគន់ថា ដោយសារតែសសរ ផលិតគ្មាន គុណភាព និងម្យ៉ាងទៀត បង្គោលភ្លើងបំបំពាក់ដោយខ្សែភ្លើង និងប្រអប់កុងទ័រច្រើន ជាហេតុបណ្តាលអោយបាក់ដួលរលំ តែម្តង ។
នៅរសៀលនេះដែរ មន្រ្តីអគ្គីសនី ក៍បានចុះទៅកាត់ដកបង្គោលនោះចេញ ហើយដាក់បង្គោលថ្មីព្រមទាំងម្ចាស់រថយន្ត ក៍បានធ្វើកិច្ចសន្យានៅចំពោះមុខ នគរបាលនិងមន្ត្រីអគ្គីសនី ដោយពុំប្តឹងផ្តល់ឡើយ ។
តាមមន្រ្តីអគ្គសនី បានអោយដឹងថា បង្គោលភ្លើងនោះ ខាងក្រុមហ៊ុនផ្សេង ជាអ្នកផលិតអោយក្រុមហ៊ុនអគ្គសនីកម្ពុជា ។ នៅចំពោះមុខមន្រ្តីអគ្គីសនី បានអោយដឹងថា បង្គោលភ្លើងមានដែករស់ចំនួន ៦សសៃ តែ៣សសៃទៀតបានពុកផុយដាច់ ជាហេតុអោយបង្គោលភ្លើងនោះបាក់តែដួលទាំងជំហរ៕ ម៉េង ធា










