ខេត្តឧត្តរមានជ័យ ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំរោង បានចុះប្រតិបត្តិការបង្រ្កាបមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ បានចំនួន ២ករណីជាបន្តបន្ទាប់
លើកទី១ នៅវេលាម៉ោង១២ និង០០នាទី សមត្ថកិច្ចបានចុះឆែកឆេរ នៅចំនុចផ្ទះទុកចោលគ្មានម្ចាស់នៅ ស្ថិតក្នុងភូមិឈូក សង្កាត់-ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ក្នុងកិច្ចប្រតិបត្តិការ កម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ មានឈ្មោះ ឆាំ ស៊ីណាង ហៅម៉ៅ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត បច្ចុប្បន្នស្នាក់នៅភូមិ-សង្កាត់ខាងលើ ដែលជាមុខសញ្ញាចែកចាយ និងប្រើប្រាស់ ដោយដកហូតបានវត្ថុតាងរួមមាន ថ្នាំម៉ាទឹកកក ice ចំនួន១កញ្ចប់ធំ មានតម្លៃ១០០ដុល្លារ, ទូរស័ព្ទដៃ ១គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី១សន្លឹក, បណ្ណបើកបរ១, និងសំភារៈបម្រើឲ្យការជក់មួយចំនួន។
លើកទី២ នៅវេលាម៉ោង១៤ និង៤០នាទី បន្ទាប់ពីការសួរចម្លើយជនសង្ស័យឈ្មោះ ឆាំ ស៊ីណាង ហៅម៉ៅ កម្លាំងសមត្ថកិច្ចបានបន្តធ្វើការស្រាវជ្រាវ ឈានដល់ការបង្ក្រាបបាននៅចំនុចទីស្នាក់ការពន្ធដាខេត្ត ស្ថិតក្នុងភូមិបុរីរដ្ឋបាល សង្កាត់-ក្រុងសំរោង ហើយឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ មានឈ្មោះដូចខាងក្រោម៖ ទី១ ឈ្មោះ តាំង ត្រា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងឈើ មានស្រុកកំណើតនៅភូមិព្រែកតា សេក ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ននៅ ភូមិតាប៉ែន ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ហើយក៏ជាអ្នកចែកចាយ និងប្រើប្រាស់សកម្មផងដែរ។ ទី២ឈ្មោះ ថាប់ សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិឈូក សង្កាតសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ជាអ្នកប្រើប្រាស់។ ទី៣ ឈ្មោះ រស់ ផុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើត នៅភូមិត្រកៀត ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្ននៅភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ជាអ្នកប្រើប្រាស់។ និងទី៤ ឈ្មោះ អឿ ពិសី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងឈើ មានស្រុកកំណើតនៅ ភូមិកោះចាស់ ឃុំព្រៃស្តី ស្រុកកោះធំ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្នភូមិគោកច្រេស សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ជាអ្នកប្រើប្រាស់, ដកហូតបានវត្ថុតាងរួមមាន៖ ម៉ាទឹកក ice ចំនួន ១កញ្ចប់ធំ និង ១កញ្ចប់តូច, ម៉ូតូម៉ាកហុងដាទ្រីម សេ១២៥ ពណ៌ខ្មៅ ចំនួន២គ្រឿង, និងសំភារៈសម្រាប់ជក់ថ្នាំមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត៕






