ខេត្តកំពង់ស្ពឺ ៖ ក្រុមញៀនល្បែងកន្ទុយលេខចំនួន០៦នាក់ រួមជាមួយវត្ថុតាងជាច្រើន ត្រូវបានកម្លាំងនគរបាលស្រុកសំរោង ធ្វើការឆ្មក់បង្ក្រាបបាន កាលពីវេលាម៉ោង០៣ និង៤០នាទីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិរបេងច្រុះ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកបាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួនបានក្រុមញៀនល្បែងខាងលើនេះ គឺកម្លាំងផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងផ្នែកសន្តិសុខស្រុក ក្រោយទទួលបានព័ត៌មានពីកំលាំងភ្នាក់ងារ កំលាំងបានចុះបង្រ្កាបដល់ទីតាំងលួចលាក់ បើកលេងល្បែងស៊ីសងមួយកន្លែង បង្កប់ល្បែងឆ្នោតខុសច្បាប់ (កន្ទុយលេខ) នៅក្នុងភូមិសាស្រ្ដចំណុចព្រៃខាងត្បូង ភូមិរបងច្រុះ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៦នាក់ ដែលក្រុមជនសង្ស័យខាងលើ ទី០១ មានឈ្មោះ បូ សុខលី ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិរបងច្រុះ ឃុំសំរោងទង ស្រុកសំរោងទង។ ទី២ ឈ្មោះឡូត រ៉ន ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិត្រពាំងតាឡាត់ ឃុំសំរោងទង។ ទី៣ ឈ្មោះ ញ៉ាញ់ តូ ភេទប្រុស អាយុ៥០ឆ្នាំ ភូមិវត្តថ្មី ឃុំត្រពាំងល្វា ស្រុកឧដុង្គ។ ទី៤ ឈ្មោះ ជឺ សារិន ភេទប្រុស អាយុ៣៨ឆ្នាំ ភូមិចុងបឹង ឃុំសំរោងទង។ ទី៥ ឈ្មោះ ជួន ម៉ុល ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិចង្ក្រៀនដែក ឃុំសំរោងទង។ និងទី៦ចុងក្រោយ ឈ្មោះ អុឹម ឡូូ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអង្គទន្លាប់ ឃុំសំរោងទង។
សមត្ថកិច្ចធ្វេីការដកហូតបានវត្ថុតាងរួមមាន: បុិច ម៉ាស៊ីនគិតលេខ១គ្រឿង ទូរស័ព្ទ២គ្រឿង កាបូបស្ពាយ១ ក្រដាសសម្រាប់កត់ឆ្នោតមួយចំនួន និងលុយចំនួន ៩៥ ៥០០រៀល (ប្រាំបួនមុឺនប្រាំពាន់ប្រាំរយរៀល)ផងដែរ។
បច្ចុប្បន្នមុខសញ្ញាមេឆ្នោត រួមជាមួយវត្ថុតាង នគរបាលស្រុកបានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ដ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ អ៊ុ ណូន







