នៅថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមការចាត់តាំងរបស់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលជាតិអមអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បានដឹកនាំគណៈ ប្រតិភូកម្ពុជា ចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនី (CMF) លើកទី៤៤ នៅទីក្រុង Yaoundé តបតាមការអញ្ជើញរបស់រដ្ឋាភិបាលកាមេរូន។
សន្និសីទ CMF នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម រដ្ឋមន្ត្រីការបរទេសទុយនីស៊ី ដែលជាប្រធាន CMF លើកទី៤៤ និងលោកជំទាវ អគ្គលេខាធិការ អង្គការ OIF និង មានការចូលរួមពីសំណាក់រដ្ឋមន្រ្តីការបរទេស និងគណៈប្រតិភូមកពីប្រទេសសមាជិកអង្គការ OIF ចំនួន៥៤ ព្រមទាំងប្រតិបត្តិករអង្គការហ្វ្រង់កូហ្វូនី និងតំណាងអង្គការអន្តរជាតិ និងតំបន់ជាច្រើនរូប។
សន្និសីទ CMF លើកទី៤៤ ក្រោមមូលបទ “អភិបាលកិច្ចល្អ៖ ការធានាស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងវប្បធម៌សម្រាប់ប្រជាពលរដ្ឋនិយាយភាសាបារាំង (Bonne gouvernance: Gage de stabilité politique, économique et culturelle pour les citoyens francophones)” បានផ្តោតការពិភាក្សាយ៉ាងផុសផុលជាសំខាន់លើ
(១) កត្តាដែលនាំឱ្យមានការធ្លាក់ចុះនូវលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសប្រើប្រាស់ភាសាបារាំង ជាពិសេស នៅក្នុងទ្វីបអាហ្វ្រិក និង ស្ថានការណ៍ពិភពលោកគ្រប ដណ្តប់ដោយវិបត្តិ និង សង្រ្គាមអ៊ុយក្រែន និង មជ្ឈិមបូព៌ា
(២) លើតួនាទីរបស់អង្គការ OIF និង រដ្ឋសមាជិកក្នុងស្វែងរកដំណោះស្រាយនិងការស្តារលទ្ធិប្រជាធិបតេយ្យ និង អភិបាលកិច្ចល្អ នៅក្នុងលំហហ្វ្រង់កូហ្វូន
(៣) កិច្ចសហប្រតិបត្តិការអន្តរជាតិ ពហុភាគីនិយម និង សាមគ្គីភាពប្រកបដោយបរិយាបន្ន តម្លាភាព ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព ការីកចម្រើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។
អង្គប្រជុំ បានអនុម័តឯកសារជាច្រើន ជាពិសេស សេចក្តីសម្រេច ទីក្រុង Yaoundé (Résolution de Yaoundé) ដែលផ្តោតសារសំខាន់លើ
(១) ការលើកកម្ពស់អភិបាលកិច្ចល្អ សន្តិភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលជាតម្លៃស្នូលរបស់ហ្វ្រង់កូហ្វូនី នៅក្នុងលំហហ្វ្រង់កូហ្វូន ជាពិសេស តាមរយៈការចូលរួមរបស់ស្រ្តីនិងយុវជន
(២) សាកលភាវូបនី យកម្មសេដ្ឋកិច្ច ដែលត្រូវបញ្ចូលឱ្យកាន់តែច្រើនឡើង នូវតម្រូវ ការរបស់ប្រទេសកំពុងអភិវឌ្ឍ ជាពិសេស ប្រទេសហ្វ្រង់ហ្វូននៃទ្វីបអាហ្វ្រិក និងតួនាទីរបស់អង្គការ OIF ក្នុងការបង្កើតលក្ខខណ្ឌដែលអនុញ្ញាតឱ្យប្រទេសទាំងនេះធ្វើសមាហរណកម្មប្រកប ដោយជោគជ័យនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចពិភពលោក និង
(៣) ការរួមចំណែករបស់អង្គការ OIF ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ជាមួយនឹងអង្គការសហប្រជាជាតិ
(៤) សារៈសំខាន់ក្នុងលើកតម្កើងការប្រើប្រាស់ភាសាបារាំងនៅក្នុងប្រទេសសមាជិក និង ក្នុងពិភពលោក និង
(៥) ការការពារនិងលើកកម្ពស់ពហុវប្បធម៌ និងពហុភាសាក្នុងបណ្តាប្រទេសហ្វ្រង់កូហ្វូនី៕






