(ពោធិ៍សាត់)៖ គណៈបញ្ជាការឯកភាពខេត្ត, សហការជាមួយបណ្តាស្រុកជាប់បឹងទន្លេសាប រួមមានស្រុកក្រគរ ស្រុកកណ្តៀង និងស្រុកបាកាន បានចាត់វិធានការយ៉ាងក្តៅគគុក ទៅលើកាណូត ឬទូកគ្រប់ប្រភេទ ដែលប្រើប្រាស់ម៉ាស៊ីនធំៗ ប្រព្រឹត្តបទល្មើសនេសាទ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ ក្នុងដែនសមត្ថកិច្ចស្រុកនីមួយៗ នៃខេត្តពោធិ៍សាត់។
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ម្សិលមិញ កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយកម្លាំងរដ្ឋបាលជលផល កម្លាំងប្រតិបត្តិការសឹករងខេត្ត និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោក ខាត់ ពុយ អភិបាលរងនៃគណៈអភិបាលស្រុក បានចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចផ្ទះបណ្តែតទឹក ស្ថិតក្នុងភូមិទី១ ឃុំកំពង់លួង ស្រុកក្រគរ។
ជាលទ្ធផលកម្លាំង បានដកហូតកាណូត ចំនួន ៣គ្រឿង ។ចំពោះវត្ថុតាង បានដកហូតរក្សាទុកនៅសង្កាត់ជលផលឃុំកំពង់លួង តាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់។
នៅថ្ងៃដដែល កម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តៀង សហការជាមួយកម្លាំងសង្កាត់រដ្ឋ
បាលជលផលកណ្តៀង និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោក គី គឹមណូ អភិបាលរងនៃ
គណៈអភិបាលស្រុក បានចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចភូមិកោះកែវ ឃុំរាំងទិល ស្រុកកណ្តៀង។
ជាលទ្ធផលកម្លាំង បានដកហូតកាណូតឈើ ២គ្រឿង បំពាក់ម៉ាស៊ីនធំ(ខុសលក្ខណៈបច្ចេកទេស) យកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរាំងទិល។
ជាមួយគ្នានោះ កម្លាំងបានឃាត់កាណូតប្រព្រឹត្តបទល្មើសជាក់ស្តែង ចំនួន៣គ្រឿង ទូកសាច់អួន ១គ្រឿង សាច់អួន ៦២០ម៉ែត្រ និងមនុស្ស ៨នាក់ ក្នុងនោះស្រី ៤នាក់។
ចំពោះវត្ថុតាងមករក្សាទុកនៅស្នាក់ការសង្កាត់ជលផលកណ្តៀង ដោយឡែកជនសង្ស័យបានធ្វើការអប់រំ ឱ្យត្រឡប់ទៅផ្ទះវិញ។
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន សហការជាមួយកម្លាំងផ្នែកជលផលរាំងទិល ដឹកនាំដោយលោក ផាយ ឡេង អភិបាលនៃគណៈអភិបាលស្រុក បានចុះបង្ក្រាបបទល្មើសនេសាទ ចាប់ពីភូមិក្អមសំណរ ភូមិដីរនាត រហូតដល់ភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន។
ជាលទ្ធផលកម្លាំង បានដកហូតកាណូតឈើ ១គ្រឿង បំពាក់ម៉ាស៊ីនកៅហ្វុង(ឆៃណា) កម្លាំង៣០សេស ព័ណ៌ខៀវ មានបណ្ដោយ ៨x១,៥០ម៉ែត្រ ពីឈ្មោះ ឌឹន គូ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ដែលកាណូតនេះបម្រើឱ្យការប្រព្រឹត្តបទល្មើសអូសយាំងកាវ។
ជាមួយគ្នានោះ កម្លាំងបានធ្វើការអប់រំ អ្នកប្រើប្រាស់កាណូតបំពាក់ម៉ាស៊ីនធំ ចំនួន២គ្រឿង ជាកម្មសិទ្ធិរបស់ឈ្មោះ ង្វៀង ធីឌាំង ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ដោយឱ្យត្រឡប់ទៅផ្ទះវិញ។






