ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន ខណះពេលឪពុកម្តាយបានរាយការណ៍ មានករណីបាត់ក្មេងស្រីរយះពេល៤ថ្ងៃមកហើយ ហើយក៏ប្រទះឃើញហើមអណ្តែតទឹកស្រះ។
បើតាមឪពុកម្តាយសាកសពកុមារីម្នាក់ អាយុ២ឆ្នាំ ៤ខែ បានអោយដឹងថាកូនស្រីរបស់ពួកគាត់បាត់ពីផ្ទះអស់រយះពេល៤ថ្ងៃមកហើយ បន្ទាប់ពីគាត់ជាឪពុកម្ដាយ សាច់ញ្ញាតិស្វះស្វែងដើររកច្រកល្ហកតែរកមិនឃើញ។ ហេតុការណ៍ប្រទះឃើញសពនេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៥នាទីរសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងស្រះទឹក ខាងក្រោយផ្ទះរបស់ប្រជាពលរដ្ឋក្នុងភូមិបាត់ថង់ ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុក បានអោយដឹងថា ក្មេងស្រីដែលប្រទះឃើញសព មានឈ្មោះ វ៉ាន់ នីសា អាយុ២ខួប៤ខែ មានឪពុកឈ្មោះ សុីម វ៉ាន់ អាយុ៤១ឆ្នាំ និងម្ដាយឈ្មោះ ស៊ុន គន្ធា អាយុ២៤ឆ្នាំ រស់នៅភូមិបាត់ថង់ ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើតាមប្រភពបន្តទៀតថា កុមារីរងគ្រោះខាងលើបានបាត់ខ្លួនពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១០ព្រឹក ខណះក្រុមគ្រួសារបានប្រកាសតាមប្រព័ន្ធទំនាក់ទំនង Facebook ថា «សូមបងប្អូនជួយរកក្មេងស្រី ឬបានឃើញក្មេងស្រី ដែលបានបាត់កាលពីម៉ោងប្រហែល១០ព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ បើបានឃើញក្មេងស្រីដូចរូបក្នុងការបង្ហោះនេះ សូមជួយទំនាក់ទំនងមកលេខ ០៩៧៥៣៥០៣៥៧»។ ទើបរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ម៉ោង៣រសៀល ស្រាប់តែមានពលរដ្ឋបានប្រទះឃើញសាកសពកុមារីរងគ្រោះអណ្ដែតទឹក ក្នុងស្រះស្លាប់ឡើងហើមទៅហើយ។
ក្រោយសមត្ថកិច្ចជំនាញបានពិនិត្យរួចរាល់ឃើញថា សាកសពកុមារីនេះ គឺរអិលជើងធ្លាក់ចូលក្នុងទឹកស្រះលង់ស្លាប់ និងប្រគល់សាកសពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ព្រហ្ម សាវ៉េត






