ខេត្តកំពង់ស្ពឺ ៖ បុរសចំណាស់ម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូម្នាក់ឯង ឆ្លងផ្លូវជ្រុលទៅបុកម៉ូតូសង់មួយគ្រឿងទៀត ហើយក្រោយកើតហេតុ ម្ចាស់ម៉ូតូសង់បានទុកម៉ូតូចោល រត់គេចខ្លួនបាត់ស្រមោល កើតឡើងកាលពីវេលាម៉ោង០៦ ព្រលប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៩ ទៅលេខ៥០ ស្ថិតនៅក្នុងភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលជំនាញ បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ០១គ្រឿង ម៉ាកវ៉េវអេស ពណ៌ខ្មៅ ពាក់ស្លាក លេខ «ពោធិ៍សាត់ 1B-5578» បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីទិសខាងលិច ទៅទិសខាងកើត ហើយបានបត់ឆ្លងផ្លូវពីត្បូង ទៅជើង អ្នកបើកបរមានឈ្មោះ អ៊ុក ផេង ភេទប្រុស អាយុ៥៨ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិជើងក្តី ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបាក់ក (ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង) ពេលបើកមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា សេ១២៥ស៊េរី ឆ្នាំ២០១៦ ពាក់ស្លាកលេខ «កំពង់ស្ពឺ 1H-4048» ដែលកំពុងតែបើកបរពីទិសខាងកើត ទៅទិសខាងលិច តាមបណ្តោយផ្លូវជាតិលេខ៤ ពេញទំហឹង ដែលក្រោយកើតហេតុអ្នកបើកបរម៉ូតូ២០១៦ បានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុមានការភ្ញាក់ផ្អើល នគរបាលជំនាញ បានចុះធ្វើការវាស់វែង និងបានប្រគល់សពអោយសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះម្ចាស់ម៉ូតូបង្កហេតុ នគរបាលជំនាញកំពុងតែធ្វើការស្រាវជ្រាវស្វែងរក។ រីឯវត្ថុតាងម៉ូតូទាំង០២គ្រឿង ប្រគល់ជូនចរាចរណ៍ខេត្ត រង់ចាំដោះស្រាយតាមនិតីវិធី នៅពេលក្រោយ៕ អ៊ុ ណូន






