(ខេត្តត្បូងឃ្មុំ,ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១)៖អណ្ដាតភ្លើងបានឆាបឆេះសន្ធោរ សន្ធៅ ចេញពីលំនៅឋានមួយខ្នងដែលសាងសង់អំពីឈើប្រក់ក្បឿងមានទំហំ៧x១២m ស្ថិតនៅត្រង់ចំណុចគីឡូម៉ែត្រ២២ ភូមិសែនជ័យ ឃុំរំចេក ស្រុកមេមត់។
ហេតុការណ៍នេះបានកើតឡើងនៅវេលា រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ធ្នូ ឆ្នាំ២០២១បង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិ។
នគរបាលមូលដ្ឋានប្រាប់ឲ្យដឹងថាផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះមានម្ចាស់ឈ្មោះសា ទិប ភេទប្រុសអាយុ៤០ឆ្នាំជាខ្មែរឥស្លាម ។ក្នុងពេលដែលមានអគ្គីភ័យកើតឡើងនោះម្ចាស់ផ្ទះប្រុសស្រីមិនបានជញ្ជូនរបស់ទ្រព្យសំខាន់ៗចេញពីលើផ្ទះមករកកន្លែងសុវត្ថិភាពនោះទេ។គឺត្រូវបានភ្លើងលេបត្របាក់ខ្ទេចខ្ទីអស់តែម្ដង។
លោកវរសេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីគ្រោះអគ្គីភ័យរថយន្តពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុកមេមត់មួយគ្រឿងបានចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់ តែដោយសារផ្លូវឆ្ងាយទំរាំទៅដល់ផ្ទះឈើនោះត្រូវបានអគ្គីភ័យលេបត្របាក់អស់។
ចំពោះមូលហេតុដែលបណ្ដាលឱ្យមានគ្រោះអគ្គីភ័យកើតឡើងគឺដោយសារតែបុរសម្ចាស់ផ្ទះបែកថ្នាំញៀន។ ភ្លាមៗនោះដោយមានកិច្ចអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍មូលដ្ឋានបុរសជាម្ចាស់ផ្ទះត្រូវបានឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថាគ្រោះអគ្គីភ័យដែលបានកើតឡើងនេះមិនបណ្ដាលឱ្យឆ្លងទៅដល់ផ្ទះរបស់ប្រជាពលរដ្ឋនៅក្បែរនោះទេ៕
ដោយ៖ចាន់ ថេត(កែសម្រួលដោយ មណ្ឌល កែវ)






