កំពង់ធំ÷ ពិតជាឈាមស្រែកស្បែកហៅមែន ជនដៃដល់បុរសម្នាក់ បានប្លន់សម្លាប់នារីម្នាក់ ទម្លាក់ចូលក្នុងទឹកអូរ យកម៉ូតូ ហើយរត់គេចខ្លួន កាលពីថ្ងៃទី០៩ ខែកញ្ញាមឆ្នាំ២០២៤ កន្លង មក នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធ ហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ កំណត់មុខសញ្ញាក្របួចបានហើយ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ។
តាមប្រភពដំណឹង បានឲ្យដឹងថា សាកសពស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្នុងកូនអូរមួយ ដែលស្ថិតនៅក្នុងភូមិទួលគ្រួស ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កាលពីវេលា ម៉ោង ៣ រសៀល នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ និងតាមប្រភពដដែល បានអោយដឹងថា ស្ត្រីរងគ្រោះ មានឈ្មោះ អូន អាន អាយុ ២៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ក្នុងនោះសំភារៈដែលជនល្មើសប្លន់យកទៅ រួមមានម៉ូតូ ១ គ្រឿង ម៉ាកហុងដាឌ្រីម ឆ្នាំ២០២២ ស្លាកលេខម៉ូតូ បន្ទាយ មានជ័យ 1E 3388 និងថវិកាប្រហែល ១លានរៀល និង ទូរស័ព្ទOPPO ១គ្រឿង។
តាមប្រភពដដែលបានឲ្យដឹងថា ជនដៃដល់ខាងលើមាន ឈ្មោះ សេង ឃាត ភេទប្រុសអាយុ ៤៦ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នមានទីលំនៅភូមិ អូរស្វាយ ក្នុងឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ដោយសំនៀង






