(ខេត្តពោធិ៍សាត់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០)៖ បុរសម្នាក់បានបាត់បង់ជីវិត ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញ ខណៈត្រូវជនដៃដល់ចាក់ចំបំពង់កខាងឆ្វេង ដើមទ្រូងទាំងសង្ខាង និងស្រុតលលាក្បាលផ្នែកខាងក្រោយ សន្លប់ស្តូកស្តឹង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២២ និង៣០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចវាលស្រែក្រោយផ្ទះជនរងគ្រោះ ចំណុចនិយាមការលេខ៥៣៩៩៣ និង៧៣៨៤០ ស្ថិតក្នុងភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
ប្រភពពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ លៀង សារ៉ន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ រស់នៅភូមិឃុំកើតហេតុខាងលើ។ នៅវេលាម៉ោង១៦ និង00នាទី ថ្ងៃកើតហេតុ ជនរងគ្រោះបាននាំគ្នាផឹកស្រាថ្នាំ មានគ្នា៣នាក់ ទី១-លៀង សារ៉ន (ជនរងគ្រោះ) ២-ង៉ែត ផល្លី (ត្រូវជាប្អូនថ្លៃ) និង៣-សូ ស៊ុ ភេទប្រុស អាយុ៥៩ឆ្នាំ។
ពេលកំពុងផឹកជនរងគ្រោះ និងប្អូនថ្លៃ បានប្រកែកឈ្លោះគ្នា រឿងភ្ជាប់ពាក្យកូន លុះដល់ម៉ោង ២២ និង00នាទី ជនរងគ្រោះបានជិះម៉ូតូទៅយកមាន់ផ្ទះឈ្មោះ យន ហើយបានដាក់ម៉ូតូនៅផ្ទះឈ្មោះ ហៀ ដើរកាត់ព្រៃទៅផ្ទះតាយន តែអត់បានមាន់ទេ។ រួចក៏ដើរត្រឡប់មកវិញយកម៉ូតូមកផ្ទះ ក៏ត្រូវជនមិនស្គាល់មុខ បានប្រើអំពើហឹង្សាយកវត្ថុម្យ៉ាងទៅចាក់លើឈ្មោះ លៀង សារ៉ន ចំបំពង់កខាងឆ្វេង ដើមទ្រូងទាំងសងខាង និងស្រុតលលាដ៍ក្បាលផ្នែកខាងក្រោយ។
ប្រភពបន្តថា ពេលនោះប្អូនថ្លៃឈ្មោះ ង៉ែត ផល្លី បានឮស្នូរគេវ៉ៃបងថ្លៃ ហើយបានឱ្យឈ្មោះម៉ាប់ ត្រូវជាកូនចុងរបស់សព រត់ទៅមើល ក៏ឃើញជនរងគ្រោះសន្លប់ស្តូងស្តឹង រួចក៏បញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅភ្នំពេញ លុះដល់ខេត្តកំពង់ឆ្នាំងក៏ស្លាប់តាមផ្លូវតែម្តង។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចជំនាញបានបន្ថែមថា តាមការសន្និដ្ឋានជនរងគ្រោះ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ ប្រើវត្ថុមុតស្រួច និងអាវុធទាលមុខរឹង វាយទៅលើជនរងគ្រោះចំស្នាមលើរបួសលើថ្ពាល់ ក្បែរច្រមុះខាងស្តាំជំរៅដល់ឆ្អឹង២មីលីម៉ែត្រ×១មីលីម៉ែត្រ, កខាងឆ្វេងហើមជាំពណ៌ខៀវជុំវិញក, ក្បាលផ្នែកខាងក្រោយស្នាមរបួស៤មីលីម៉ែត្រ×១មីលីម៉ែត្រ (ស្រុតលលាដ៍ក្បាល)។
ចំពោះករណីនេះសមត្ថកិច្ចជំនាញ កំពុងដំណើរការស្រាវជ្រាវស៊ើបអង្គេតបន្ត ដោយឡែកសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព៕






