ខេត្តកំពង់ស្ពឺ ៖ បុរសវ័យចំណាស់ជាជនដៃដល់ ទាញកាំបិតផ្គាក់កាប់ទៅលើបុរស២នាក់ប្តីប្រពន្ធ របួសធ្ងន់ធ្ងរ នៅក្នុងស្រុកឱរ៉ាល់ ហើយសាច់ញាតិដឹកយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យរាជធានីភ្នំពេញនោះ ឥឡូវបុរសជាជនដៃដល់ បានស្លាប់បាត់ទៅហើយ។
បើតាមសម្តីរបស់លោកវរសេនីយ៍ឯក សម សាក់ នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បាននិយាយប្រាប់ក្រុមអ្នកកាសែតអោយដឹងថា បុរសជាជនសង្ស័យវ័យចំណាស់ខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ បញ្ជូនមកអោយលោក ពីបទបង្កហិង្សា (កាប់បុរសពីរនាក់ប្តីប្រពន្ធរបួសធ្ងន់ធ្ងរ) ពេលបញ្ជូនមកដល់ ២ទៅ៣ម៉ោង បុរសជាជនសង្ស័យ មានរបួស ហូរឈាមតាមត្រចៀកពេក លោកបានរាយការណ៍ទៅថ្នាក់លើ បានអោយមន្ត្រីរបស់លោកបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ប៉ុន្តែរហូតមកដល់ម៉ោង ០៨ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ បុរសជាជនដៃដល់ខាងលើ បានស្លាប់បាត់ទៅហើយ។
លោក អ៊ូ ផាត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចូលរួមពិនិត្យសពបុរសខាងលើ បានមានប្រសាសន៍អោយដឹងថា បុរសជាជនដៃដល់ខាងលើ ដោយតូចចិត្ត មានវិប្បដិសារី ដែលកន្លងមកក្រុមគ្រួសារជនរងគ្រោះ តែងតែផ្តល់ជាថវិការ និងសម្ភារៈ មិនសូវលោះពេល ដោយក្តីអាណិតនោះ ទើបបុរសខាងលើបានបោកក្បាល បណ្តាលអោយមានរងរបួសធ្ងន់ធ្ងរ ហើយស្លាប់ក្រោយពេលបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់លោកវិជ្ជបណ្ឌិត សាំង ស្រេង និងលោកគ្រូពេទ្យប្រចាំការឈ្មោះ ម៉ម វឿន បានសន្និដ្ឋានថា បុរសជាជនសង្ស័យបានស្លាប់ បន្ទាប់ពីមានរបួសក្បាលធ្ងន់ធ្ងរ (ដោយសារតែត្រូវជាមួយនិងវត្ថុរឹង បណ្តាលអោយដាច់សរសៃឈាមខួរក្បាល) តាំងពីព្រឹកមកម្លេះ។
គួររំលឹកផងដែលថា កាលពីវេលាម៉ោង ០៧យប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ មានករណីមនុស្សឃាតមិនបានសំរេចមួយ កើតឡើងនៅភូមិតាមិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បង្ករដោយជនសង្ស័យឈ្មោះ យ៉ុង កេន ភេទ ប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាព យកកាំបិតផ្កាក់កាប់ទៅលើជនរងគ្រោះ ឈ្មោះ សុខ ហុន ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវចំនួន០៦កាំបិត ពេលប្រពន្ធទៅជួយប្តី ជនសង្ស័យបានកាប់ទៅលើប្រពន្ធឈ្មោះ ញ៉ូញ យីម អាយុ ៤២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ត្រូវក្បាលជាច្រើនកាំបិត បណ្ដាលអោយរងរបួសធ្ងន់ទាំង០២នាក់ប្តីប្រពន្ធ ហើយត្រូវបានសាច់ញាត្តិ និងអ្នកភូមិ ដឹកបញ្ជូនទៅព្យាបាលនៅភ្នំពេញ។ ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីកើតហេតុ យកមកឃុំបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនិតិវិធី។
ករណីនេះកើតឡើងបណ្តាលមកពីជនសង្ស័យ ឈ្មោះ យ៉ុង កេន មានគំនិតច្រណែនជាមួយគ្រួសារជនរងគ្រោះ (ជាបុរសពិការ) រកសុីមានបានជាងខ្លួន ហើយបានលួចនំជនរងគ្រោះ៤កញ្ចប់ ទៅឲ្យចៅ ហើយត្រូវជនរងគ្រោះចំអន់លេង ថានឹងប្តឹងដាក់គុក ទើបកើតចិត្ដក្ដៅមួយពេល ទាញកាំបិតផ្កាក់ កាប់តែម្តងទៅ ក្នុងគោលបំណងសម្លាប់បំបិតមាត់៕ អ៊ុ ណូន















