កណ្តាល ៖ បុរសម្នាក់ បានស្លាប់មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីបុរសរូបនោះបើកម៉ូតូខ្វះការប្រុងប្រយ័ត្ន ទៅបុកគូថរថយន្តធំដែលចត់លើចិញ្ចើមផ្លូវ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០១៨
នៅចំណុចផ្លូវលេខ១១០ ស្ថិតនៅភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ ឃី អាំងផាវ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រែតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល បើកបរម៉ូតូម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ គ្មានស្លាកលេខ ។
ប្រភព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលាខាងលើ ជនរងគ្រោះ បានជិះម៉ូតូរបស់ខ្លួនតាមបណ្តោយផ្លូវលេខ១១០
មានទិសដៅពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបុករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ (ប្រភេទដឹកទំនិញធន់ធំ)
ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5510 ពីក្រោយចំហៀងខាងឆ្វេង ដែលចតរថយន្តឈប់ស្ងៀមក្បាលទៅទិសខាងជើង
បណ្តាលឱ្យរងរបួសធ្ងន់ ហើយបានស្លាប់មុនពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែកតៃកុងរថយន្តខាងលើ បានចុះរត់ គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅ ធ្វើការពិនិត្យ និងវាស់វែងទីកន្លែងកើតហេតុ រួចក៏បានយកវត្ថុតាងទាំងពីរ មករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។
ប៉ូលិសបានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកម៉ូតូធ្វេសប្រហែស ខ្ចីខ្ចា ខ្វះការប្រុងប្រយ័ត្ន
ចំណែកអ្នកបើករថយន្តពេលឈប់ចតមិនដាក់សញ្ញាសំគាល់ ហើយខ្វះការប្រុងប្រយ័ត្ន ទើបបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៕ ដោយ ដាំ ជា












