
ខេត្តកំពង់ស្ពឺ ៖ យុវជនចំនួន០២នាក់ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាម៉ុយ ដឹកយកទៅសង្គ្រោះភ្លាមៗ ខណៈដែលយុវជនទាំង០២នាក់នេះ ជិះម៉ូតូ១គ្រឿងលឿនមិនប្រយត្ន័ ក៏ជ្រុលទៅបុកគោយន្តកន្ត្រៃរបស់បុរសចំណាស់ម្នាក់ កំពុងតែបើកបរឆ្លងផ្លូវ បណ្តាលអោយបុកពេញទំហឹង របួសរណូករណែល កាលពីវេលាម៉ោង០៧និង៤០នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលេខ៤៤ ត្រង់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០២ ទៅលេខ១០៣ ក្នុងភូមិត្បែង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់មន្ត្រីនគរបាលស្រុកថ្ពង បាននិយាយអោយដឹងថា មានករណីគ្រោះថ្នាកចរាចរណ៍បានកើតឡើងរវាងម៉ូតូ បុកជាមួយ នឹងគោយន្តកន្ត្រៃ ដែលកំពុងបើកបរហើយបត់ចូលទៅផ្លូវលំមួយខ្សែរ ចុះពីផ្លូវជាតិលេខ៤៤ ដែលម៉ូតូម៉ាកហុងដាសេ ១២៥ស៊េរី ឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BT-7000 អ្នកបើកបរមានឈ្មោះ ណាង ប៊ុនទ្រី ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស រស់នៅភូមិតំាងរលំាង ឃុំ មនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានឌុបមនុស្សយុវជនម្នាក់ មានឈ្មោះ វេង លីហៀង អាយុ១៧ឆ្នំា ជាសិស្ស រស់នៅភូមិឃំុជាមួយគ្នា បានបើកបរម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងទិសដៅពីទិសខាងកើត ទៅទិសខាងលិច លុះពេលធ្វើដំណើរមកដលចំណុចខាងលើ បានបុកគោយន្តកន្ត្រៃ ម៉ាកគូបូតា ពណ៌ទឹកប្រាក់ សណ្ដោងរទេះ (កន្ទុយ) អ្នកបើកបរមានឈ្មោះ ម៉ន សុីមន ភេទប្រុស អាយុ៥០ឆ្នំា ជាកសិករ រស់នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យអ្នកបើកបរម៉ូតូ និងនាក់រួមដំណើររងរបួសធ្ងន់ធ្ងរ។
ក្រោយកើតហេតុន គរបាលជំនាញចុះធ្វើការវាស់វែង។ ម៉ូតូរងការខូចខាត ហើយវត្ថុតាងទំាង២គ្រឿងខាងលើ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីចាត់ការតាមនិតិវិធី៕ អ៊ុ ណូន