
ខេត្តបន្ទាយមានជ័យ ៖ យុវជន២នាក់ ម្នាក់ជាអ្នកបើកបរម៉ូតូ និងម្នាក់ទៀតជាកម្មករ រួមដំណើរតាមគោយន្តកន្ត្រៃ បានរងរបួសធ្ងន់ បាក់ជើងទាំង២នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបើកបុកគោយន្តកន្ត្រៃ ឈប់ចត នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ត្រង់ចំណុចខាងជើងភូមិទ្រាស ប្រហែល២០០ម ស្ថិតក្នុងឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង៧ និង៣០នាទី យប់ ថ្ងៃទី១១ខែ កញ្ញាឆ្នាំ២០១៨។
ប្រភពព័ត៌មាន ពីនគរបាលចរាចរណ៍ស្រុកស្វាយចេក បានឲ្យដឹងថា ម៉ូតូម៉ាកហុងដាឌ្រីម សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1H.6942 អ្នកបើកបរឈ្មោះ សោម ចន្ទ្រា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ រីឯម្ចាស់គោយន្តកន្រ្តៃឈ្មោះ យុន យី ភេទប្រុស អាយុ21ឆ្នាំ មានទីលំនៅភូមិតាវ៉ឹក ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងមានអ្នករួមដំណើរម្នាក់ ឈ្មោះ បៅ ភេទប្រុស (កម្មករ) មកស្នាក់នៅបណ្ដោះអាសន្ន នៅភូមិតាវ៉ឹក ឃុំទ្រាស ស្រុកស្វាយចេក ខេត្ត បន្ទាយមានជ័យ។
ប្រភពដដែលបានបញ្ជាក់ថា មុនពេលកើតហេតុ ខាងគោយន្តកន្ត្រៃបានធ្វើដំណើរ ពីទិសខាងជើង ទៅត្បូង ដល់ចំណុចកើតហេតុ គោយន្តបានខូចឈប់ចតដើម្បីជួសជុល ស្របពេលនោះល៏មានអ្នកបើកម៉ូតូ បើកក្នុងទិសដៅស្របគ្នា ក៏បានបុកគោយន្ត និងឈ្មោះ បៅ ភេទប្រុស (កម្មករ) ដែលកំពុងជួសជុល បណ្តាលឲ្យរបួសធ្ងន់ បាក់ក.ជើងស្តាំ ចំណែកឯអ្នកបើកម៉ូតូ រងរបួសធ្ងន់ផងដែរ បាក់ភ្លៅខាងឆ្វេង និងបាក់ករជើងខាងស្តាំ។ ជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក ភ្លាមៗក្រោយកើតហេតុផងដែរ។
ចំពោះមូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីគោយន្តកន្ត្រៃខូចនោះ ឈប់ចតគ្មានភ្លើងបំភ្លឺ ឬដាក់សញ្ញាឲ្យបានត្រឹមត្រូវ។ ចំពោះវត្ថុតាងម៉ូតូ និងរថយន្តកន្រ្ដៃ ខូចទាំង២គ្រឿងធ្ងន់ បច្ចុប្បន្នសមត្ថកិច្ច យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក រងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕