ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាឡើងជោកជាំ បានបើករថយន្តកាមរីហាយព្រឺកយ៉ាងលឿន ជ្រុលទៅបុុករថយន្ត សាំយ៉ុង ដែលចតនៅលើចំណីផ្លូវចំពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ និងបង្កឲ្យម្ចាស់ រថយន្តបង្ករងរបួសស្រាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង២០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្សារនាគមាស តាមបណ្ដោយផ្លូវម៉ៅសេទុង ស្ថិក្នុង សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុនោះគឺ គេឃើញរថយន្តបង្កខាងលើម៉ាក កាមរី ហាយព្រីច ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2Z-9325 ដែលបើកបរដោយបុរសម្នាក់មានស្ថានភាពស្រវឹងស្រាឡើង ជោគជាំតែម្ដង បានធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុច កើតហេតុក៏បានជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌សំបកឳឡឹក ពាក់ស្លាកលេខ កំពងស្ពី 2A-5517 ដែលបានចតនៅលើចំណីផ្លូវ បណ្ដាលឲ្យរថយន្តសាំយ៉ុងផ្លោងជិត១០ម៉ែត្ររងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ។រីឯរថយន្តបង្កវិញក៏រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំដូចគ្នា តែមិនបានបង្កឲ្យមនុស្សរងរបួសធ្ងន់ធ្ងរនោះទេ ។
ក្រោយកើតហេតុមួយសន្ទុះធំ ម្ចាស់រថយន្តបង្ក ត្រូវបានសាច់ញាតិបងប្អូនចុះទៅដឹក យកទៅមន្ទីពេទ្យដើម្បីមើលមុខរបួស ។ ចំណែករថយន្តទាំងពីរគ្រឿង ដោយមានការសម្របសម្រួលពីសមត្ថកិច្ច ទើបភាគីខាងរថយន្តកាមរីហាយព្រីច ព្រមចេញថ្លៃខូចខាតទាំងអស់ទៅលើរថយន្តសាំយ៉ុង ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុតែម្ដង ៕ សុខ ស៊ីថា









