ខេត្តកំពង់ស្ពឺ ៖ បុរសជនជាតិចិនចំនួន០២នាក់ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះព្យាបាល នៅគ្លីនិកឯកជនមួយកន្លែង ម្តុំថ្នល់ទទឹង ខណៈដែលបុរស០២នាក់ខាងលើ បើករថយន្តលឿនពេក បែកកង់ក្រឡាប់រងរបួស កាលពីវេលាម៉ោង ០៦ និង៣០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤ ទៅលេខ១៥ ចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលស្រុក បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនទាំង០២នាក់ខាងលើ បានបើករថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ (Hyundai) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-0625 បើកបរដោយជនជាតិចិន មានគ្នា០២នាក់ ប្រុសៗ ដែលបើកបរតាមបណ្តោយផ្លូវជាតិលេខ៥១ ក្នុងទិសដៅពីទិសខាងជើង ទៅត្បូង លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ រថយន្តក៏បានបែកកង់ បណ្តាលអោយធ្លាក់ផ្លូវ រងរបួសទាំង០២នាក់។
ជនរងគ្រោះទាំង២នាក់មាន ឈ្មោះ LI ZHANG HUAN ភេទប្រុស សញ្ជាតិចិន ថ្ងៃកំណើត 11/09/1964 កាន់លិខិតឆ្លងដែនលេខ EB7151256 ផុតសុពលភាព 20/11/2027 និងម្នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនោះឡើយ។
ក្រោយកើតហេតុ នគរបាលមូលដ្ឋាន និងនគរបាលជំនាញចរាចរណ៍ស្រុក បានចុះធ្វើការវាស់វែង ហៅរថយន្តសាមុយដឹកអ្នករងរបួស ទៅព្យាបាលភ្លាមៗ។ បច្ចុប្បន្នជនជាតិចិនខាងលើ កំពុងសំរាកព្យាបាលនៅសម្ភពថ្នល់ទទឹង ចំណែករថយន្ត ត្រូវបានអូសយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ រង់ចាំយកឯកសារមកពិនិត្យ ទើបប្រគល់អោយម្ចាស់ដើមវិញ៕ អ៊ុ ណូន











