ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់បានកៀបជាប់ជាមួយដើមក្រសាំង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារតែបើករ៉ឺម៉កលឿន លើផ្លូវជាតិលេខ៤ ជ្រុលទៅបុកពេញទំហឹង កាលពីវេលាម៉ោង ០២និង៥០នាទីរសៀល ថ្ងៃ២០ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៩ ទៅលេខ៦០ ចំណុចភូមិក្បាលថ្នល់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលចរាចរណ៍ស្រុកភ្នំស្រួច និយាយអោយដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង ពណ៌ក្រហម លាយខៀវ គ្មានស្លាកលេខនោះទេ ដែលគេស្គាល់ អ្នកបើកបរមានឈ្មោះ កែវ ឡាយ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររត់រ៉ឺម៉ក បច្ចុប្បន្នរស់នៅក្នុងភូមិព្រៃក្តី សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នគរបាលដដែលបានបន្តទៀតថា នៅពេលនោះយុវជនខាងលើ បានបើកបរម៉ូតូសណ្តោងរ៉ឺម៉ក តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីទិសខាងលិច ទៅទិសខាងកើត លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែបានរ៉េចង្កូត មកខាងឆ្វេងដៃ ទៅបុកដើមក្រសាំងនៅចិញ្ចើមផ្លូវពេញទំហឹង បណ្តាលអ្នកបើកម៉ូតូ កៀបស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុ មានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ ក៏បានរាយការណ៍ទៅនគរបាលជំនាញ ចុះធ្វើការវាស់វែង។ ដោយសពត្រូវបាននគរបាល ប្រគល់អោយសាច់ញាតិ ក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូសណ្តោងរ៉ឺម៉ក រងការខូចខាតកំរិស្រាលនោះទេ។ ចំពោះវត្ថុតាងដែលមិនបង្កដល់អ្នកដទៃនោះ ក៏នគរបាលបានប្រគល់ជូនក្រុមគ្រួសារវិញផងដែរ៕ អ៊ុ ណូន






