ក្រុងប៉ោយប៉ែត ៖ ជីវិតគ្រួសារប្តីប្រពន្ធពិការដូចគ្នា ដោយនាងជាប្រពន្ធស្វឹតជើងទាំង2 អង្គុយលើរទេះ បុរសជាប្តីស្វឹតជើងម្ខាងដើររុញរទេះរបស់ប្រពន្ធ ដើររើសអេតចាយ មានទាំងបណ្តើរកូនស្រីដើរតាមជាងរាងរាល់ថ្ងៃទៀតផង។
គ្រួសារដ៏កំសត់មួយនេះ មានបុរសជាប្តី ឈ្មោះ សួន ទិត្យ អាយុ30ឆ្នាំ ប្រពន្ធឈ្មោះ ពៅ ធីតា អាយុ29 និងមានកូនស្រីម្នាក់ អាយុ4ឆ្នាំ ឈ្មោះ ចាន់ សំណាង។ គ្រួសារនេះអះអាងថា បានសុំដីគេសង់ខ្ទមមួយ រស់នៅក្នុងភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ បុរសជាប្តីស្វឹតជើងឆ្វេង ឯនាងជាប្រពន្ធស្វឹតជើងទាំងសងខាង អះអាងថាស្វឹតតាំងពីកំណើតដោយសារកើតជម្ងឺ។ ក្រៅពីស្ត្រីពិការលើរទេះរុញ ក៏មានការ៉ុងផ្ទុកអេតចាយធំមួយនៅពីខាងមុខនាងថែមទៀត។
បុរសជាប្តីរុញរទេះបណ្តើរ រើសអេតចាយបណ្តើរ ខណៈកូនស្រីវ័យ4ឆ្នាំ ដើរតាមរទេះតាត្រុក មើលទៅពិតជាគួរឲ្យសង្វែកណាស់។
ក្រោយការជួបសម្ភាសផ្ទាល់ គ្រួសារមួយនេះអះអាងថា ក្រៅពីរបររើសអេតចាយ ពួកគេគ្មានរបរអ្វីទៀតឡើយ ហើយថាទើបមករស់នៅក្នុងឃុំអូរបីជាន់នេះ រយៈពេល3 ទៅ4ខែ តែប៉ុណ្ណោះ ដែលពីមុនរស់នៅឯឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយដើររើសអេតចាយដូចគ្នា លុះម្ចាស់ដីគេត្រូវការលក់ ពួកគេក៏ចាកចេញ។
គ្រួសារនេះបន្តថា មុនពេលមកដល់តំបន់ព្រំដែនគ្មានសាហ៊ុយធ្វើដំណើរទេ គឺសុំរថយន្តគេជិះជាបន្តបន្ទាប់។ អ្វីដែលស្តាប់ទៅសែនកំសត់ទ្វេរដងនោះ គឺបុរសជាប្តីថាខ្លួនជាអ្នកខេត្តបន្ទាយមានជ័យ ហើីងឱពុកម្តាយទៅប្រទេសថៃបាត់ដំណឹងឈឹងជាយូរឆ្នាំហើយ។ ចំណែកនាងជាប្រពន្ធប្រាប់ថាជាអ្នកខេត្តកំពង់ឆ្នាំង និងជាក្មេងកំព្រាឱពុកម្តាយស្លាប់ចោលអស់ គ្មានបងប្អូននោះទេ។
ប្តីប្រពន្ធមួយគូរនេះ និយាយថា ការជួបចាប់ដៃគ្នាជាប្តីប្រពន្ធគឺមិនបានរៀបការ ឬសែនព្រេនអ្វីទេ ហើយបានគ្នាក្នុងអំឡុងពេលនៅរៀននៃមណ្ឌលអង្គការមួយឯភ្នំពេញ។
អ្នកស្រុកនិយាយថា គ្រួសារមួយនេះពេលខ្លះត្រូវគេជួយបាយទឹក ពេលខ្លះក៏គេជួយជាថវិការ គ្រាន់ដោះស្រាយក្រពះមួយគ្រាៗ។ គ្រួសារខាងលើអំពាវនាវសុំសប្បុរសជនក្នុង និងក្រៅប្រទេស មេត្តាជួយពួកគាត់ផង ព្រោះគ្មានអ្វីជាទីពឹងទេ ក្រៅពីរបរនាំគ្នារើសអេតចាយនេះ៕ វណ្ណា