ឯកឧត្តម ឈៀង ពេជ្រ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយគណប្រតិភូក្រសួងការ បរទេស នៃព្រះរាជាណាចក្រថៃ ដឹកនាំដោយ លោកជំទាវ Arjaree Sriratanaban អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ីបូពា៍ នៃក្រសួងការបរទេសថៃ ដើម្បីសិក្សាអំពីផែនការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មរវាងប្រទេសទាំងពីរ។
ក្នុងជំនួបទ្វេភាគីនេះ ឯកឧត្តមអគ្គនាយក បានធ្វើបទបង្ហាញពីផែនការមេស្តីពី ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោ បាយ និងភស្តុភារកម្ម (Intermodal Transport Connectivity and Logistics System Master Plan) ដែលក្រសួងសាធារណការ និងដឹកជញ្ជូន និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ កំពុងសហការរៀបចំ។
ឯកឧត្តមអគ្គនាយកក៏បានជម្រាបជូនគណៈប្រតិភូថៃ អំពីវឌ្ឍនភាពនៃការសាងសង់រចនាសម្ព័ន្ធច្រកទ្វារព្រំដែន CBF (Cross Border Facilities) នៅស្ទឹងបត់-បានណងអៀន ដែលជាប្រាក់កម្ចីរបស់រាជរដ្ឋាភិបាលថៃ និងការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសកម្ពុជាផងដែរ។
ភាគីទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្តូរទស្សនៈយោបល់ទៅលើនីតិវិធីក្នុងការបើកច្រកបណ្តោះអាសន្ន ស្ទឹងបត់-បានណងអៀន ដើម្បីកាត់បន្ថយការកកស្ទះនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-អារញ្ញប៉ាថេត និងការបើកច្រកទ្វារអន្តរជាតិថ្មដា-តាសែនផងដែរ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនៃការតភ្ជាប់ និងជំរុញលំហូរនៃការដឹកជញ្ជូនទំនិញ និងអ្នកដំណើររវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង៕






