
ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរ ឈប់ចោមរោមមើល និងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ខណៈដែលប្រទះឃើញសាកសពបុរសម្នាក់ បានអណ្តែតទឹក រសាត់មកជាប់ដើមកញ្ជែត កាលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចស្ពានហាយវ៉េ លើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង សមត្ថកិច្ចអះអាង ថាជាអ្នកបើករថយន្តកុងទីន័រ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ បើកធ្លាក់ចូលទឹកទន្លេវៃគោ។
បើតាមលោក ប្រាក់ ជុត អធិការនគរបាលក្រុងស្វាយរៀង បានអោយដឹងតាមទូរស័ព្ទថា បុរសដែលជាអ្នកបើករថយន្តកុងទីន័រ ដែលស្លាប់មានឈ្មោះ ហួត កំណត់ អាយុ២៧ឆ្នាំ មុខរបរបើកបរ រស់នៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុន ខណ្ឌ័មានជយ័ រាជធានីភ្នំពេញ។ ក្រោយពីសមត្ថកិច្ចមូលដ្ឋានពិនិត្យលើសាកសពរួចមក ក៏បានទាក់ទងទៅខាងក្រុមគ្រួសារ ដើម្បីមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី។
គួរបញ្ជាក់ផងដែរថា កាលវេលាម៉ោង៤រសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចក្បាលស្ពានហាយវ៉េខាងកើត ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តកុងទឺន័រ បើកកៀរធ្លាក់ម៉ូតូមួយគ្រឿងចូលទន្លេផងដែរ។
បើតាមព័តមាន ពីក្មេងប្រុសជាម្ចាស់ម៉ូតូឈ្មោះ សំ មន្ថារចនា អាយុ១៥ឆ្នាំ ដែលអង្គុយស្ទួចត្រី នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគេ និងមិត្តភ័ក្រ បានមកស្ទូចត្រីនៅក្រោមស្ពានហាយវ៉េ ចំណែកម៉ូតូបញ្ឈរទុកអែបចិញ្ចើមថ្នល់ ស្រាប់តែមានរថយន្តកុងទីន័រមួយគ្រឿង បើកបរយ៉ាងលឿនពីទិសខាងកើតមកលិច។ លុះមកដល់ចំណុចភូមិឃុំកើតហេតុខាងលើ ស្រាប់តែរ៉េចង្កូតមកខាងឆ្វេងដៃ បុករះបង្កាន់ដៃស្ពានជាង២០ម៉ែត្រ រាបដល់ដី និងបន្តបុកម៉ូតូដែលបញ្ឈរទុក អូសធ្លាក់ចូលក្នុងទឹកទន្លេវ៉ៃកូជាមួយតែម្តង។
ក្រោយបង្កហេតុរួច គេឃើញមានបុរសម្នាក់បានវាយចេញតាមកញ្ចក់រថយន្ត ហែលទឹកឡើងលើគោក និងជិះម៉ូតូឌុបចេញទៅទិសខាងលិច បំរុងហៅរថយន្តតាក់ស៊ីជិះគេចខ្លួន តែត្រូវបានសមត្ថកិច្ចតាមទាន់ ឃាត់ខ្លួនមកកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានគរបាលខេត្តស្វាយរៀង។
បើតាមប្រភពព័ត៌មាន ពីថៅកែរថយន្តកុងទឺ ន័ិយាយក្នុងតុការហ្វេបានអោយដឹងថា ចំពោះយុវជនម្នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន សង្ស័យ ជាអ្នកបើករថយន្តកុងទីឺន័រ គៀរម៉ូតូធ្លាក់ទន្លេនោះ តាមពិតគឺត្រូវបានក្រុមហ៊ុនបឈ្ឈប់ហើយ ប៉ុន្តែខាងជនរងគ្រោះ (បុរសដែលស្លាប់) ហៅអោយមកជាមួយ ដើម្បីមកយករថយន្តមួយគ្រឿង។ បើតាមចម្លើយរបស់ជនសង្ស័យ បានប្រាប់ទៅក្រុមហ៊ុនថា រូបគេ រួមដំណើរជាមួយជនរងគ្រោះ បានធ្វើដំណើរពីក្រុមហ៊ុន ដោយខ្លួនបានដេកខាងក្រោយ ហើយជនរងគ្រោះជាអ្នកបើកបរ។ មួយសន្ទុះក្រោយមក ក៏លឺរថយន្តបុករះអ្វី ឃើញរថយន្តធ្លាក់ទឹក ភ្លាមៗខ្លួនបានលូនចេញតាមកញ្ចក់ ឡើងមកលើផ្លូវជាតិវិញ ក៍ត្រូវសម្ថកិច្ចឃាត់ ថាជាតៃកុងរថយន្ត។ ភា្លមៗជនសង្ស័យ បានប្រាប់សម្ថកិច្ចថា គាត់មិនមែនជាតៃកុងរថយន្តទេ គឺមានម្នាក់ទៀតដែលជាអ្នកបើកបរ តែសម្ថកិច្ចមិនជឿ ឃាត់ខ្លួនបញ្ជូនទៅនគរបាលចរាចរណ៍ខេត្តបាត់៕ ព្រហ្ម សាវ៉េត