លោក Tan Sri Nazir Razak ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) នៃប្រទេសម៉ាឡេស៊ី បានបញ្ជាក់ថា កម្ពុជាជាប្រទេសតូច តែជាប្រទេសមានសក្ដានុពលខ្ពស់ ជាពិសេសខាងវិស័យទេសចរណ៍។
ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២៤ នៅរដ្ឋធានីវៀងច័ន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
លោកប្រធានក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៊ីបានលើកឡើងអំពីគំនិតផ្ដួចផ្ដើមមួយចំនួនក្នុងការជំរុញការធ្វើធុរកិច្ច និងវិនិយោគនៅតំបន់អាស៊ាន តាមរយៈ៖ (១)ការ កំណត់អត្តសញ្ញាណរួមពិសេស ក្នុងនាមជាធុរជន និងវិនិយោគិនអាស៊ាន, (២) ការរៀបចំការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង នៅក្នុងទីផ្សារមូល បត្រអាស៊ាន (ASEAN-IPO), (៣)ការពង្រឹងយន្តការនៃការទទួលខុសត្រូវផ្នែកសង្គម ជាមួយនឹងការសម្រួលដល់ការបរិច្ចាគឆ្លងដែននានា និង (៤) ការជំរុញឱ្យមានការចូលរួមផ្នែកយែនឌ័រប្រកបដោយសមធម៌ និងបរិយាប័ន្ន ក្នុងធុរកិច្ច និងការវិនិយោគ។
លោកប្រធានក្រុមប្រឹក្សាធុរកិច្ចក៏បានគោរពជម្រាបជូនសម្ដេចធិបតីថា កម្ពុជា ជាប្រទេសតូច តែមានសក្ដានុ ពលខ្ពស់ ជាពិសេស ខាងវិស័យទេសចរណ៍ និងបានលើកឡើងពីការជំរុញវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការបង្កើនការតភ្ជាប់រវាងប្រជាជន និងប្រជាជន ក្នុងតំបន់ និងពិភពលោក ជាមួយនឹងការផ្ដល់ឱកាសឱ្យវិស័យឯកជនចូលរួមដោយផ្ទាល់ ក្នុងការកំ ណត់គំរូអាជីវកម្មថ្មីៗ។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានឯកភាពចំពោះគំនិតផ្ដួចផ្ដើមរបស់លោកប្រធានក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៊ី ដោយសម្ដេចបវរធិបតីបានគូសបញ្ជាក់ថា អ្វីដែលសំខាន់បំផុត គឺការប្រែក្លាយគំនិតផ្ដួចផ្ដើមទាំងនេះទៅជាសកម្មភាព និងលទ្ធផល ជាក់ស្ដែង។
សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការធ្វើសុខដុមនីយកម្មនៃក្របខ័ណ្ឌគតិយុត្តនៃបណ្ដាប្រទេសអាស៊ាន ដើម្បីបង្កើតឱ្យបាននូវបរិស្ថាន អំណោយផលសម្រាប់ធុរកិច្ច និង វិនិយោគិនក្នុងតំបន់អាស៊ាន ការប្រែក្លាយគំនិតផ្ដួចផ្ដើមស្ដីពីការបង្កើតឱ្យមានទីផ្សារមូលបត្ររួម នៅក្នុងតំបន់អាស៊ាន និងការជំរុញការចូលរួមបន្ថែមទៀតរបស់វិស័យឯកជនក្នុងធុរកិច្ច និង ការវិនិយោគ ។
សម្ដេចបវរធិបតីបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកថាវិស័យឯកជនជាដៃគូមិនអាចខ្វះបានក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ហើយរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវកញ្ចប់វិធានការលើកទឹកចិត្តជាច្រើនសម្រាប់វិស័យឯកជន សំដៅធ្វើយ៉ាងណាឱ្យវិស័យឯកជនបានដំណើរការល្អប្រសើរ និងរីកលូតលាស់៕






