ឯកឧត្តម ស៊ិនឡៈវង្ស ឃុតផៃធូន ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងជាសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ចាត់ទុកសម្ដេចធិបតី ជានាយករដ្ឋមន្ត្រី វ័យក្មេង សកម្ម និងជាបញ្ញវន្ត។
ការបញ្ជាក់របស់ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។
នៅក្នុងជំនួប ឯកឧត្តមស៊ិនឡៈវង្ស ឃុតផៃធូន បានអបអរសាទរចំពោះការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា និងកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចបវរធិបតី ដែលជានាយករដ្ឋមន្ត្រីវ័យក្មេង សកម្ម និងជាបញ្ញវន្ត។
ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា សម្ដេចបវរធិបតីនឹងបន្តដឹកនាំ និងអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។
ទន្ទឹមនឹងនេះ ឯកឧត្តមស៊ិនឡៈវង្ស ឃុតផៃធូន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរ អង្វែង។ ឯកឧត្តម ស៉ិនឡៈវង្ស ឃុតផៃធូន បានជម្រាបជូនសម្តេចបវរធិបតី អំពីវឌ្ឍនភាព និងការបន្តពង្រឹងកិច្ចសហប្រ តិបត្តិការល្អប្រសើរ រវាងរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ផងដែរ។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើរ និងជាប្រពៃណីរវាងកម្ពុជា និងឡាវ ព្រមទាំងការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ដែលនេះក៏ជាការចូលរួមចំណែកនៅក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។
សម្ដេចបវរធិបតី និងឯកឧត្តម ស៊ិនឡៈវង្ស ឃុតផៃធូន បានផ្លាស់ប្ដូរយោបល់អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗដែលរួមមានជាអាទិ៍៖ វិស័យថាមពល, ពាណិជ្ជកម្ម, ទេស ចរណ៍, ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ សំដៅជំរុញកំណើនសេដ្ឋកិច្ចប្រទេសទាំងពីរ ក៏ដូចជាវិស័យសន្តិសុខ និងការពារជាតិ ផងដែរ៕






