
ប្រធានាធិបតីវៀតណាម លោក វ៉ូវ៉ាន់ធឿង (Vo Van Thuong) បានលាលែងពីតំណែង ក្រោយកាន់តំណែងបានតែមួយឆ្នាំ។ បន្ទាប់ពីកិច្ចប្រជុំរបស់បក្សកុម្មុយនីស្ត ដែលកំពុងកាន់អំណាចកាលពីថ្ងៃពុធ រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានបំពានច្បាប់គណបក្ស ដែលផ្តល់ផលអវិជ្ជមានដល់កេរ្តិ៍ឈ្មោះរបស់ខ្លួន។ លោក វ៉ូ វ៉ាន់ធឿង ត្រូវបានគេជឿថា បានលាលែងពីតំណែង ដោយសារជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយក្នុងខេត្តកំណើតរបស់លោក។ លោកត្រូវបានតែងតាំងកាលពីឆ្នាំមុន ដើម្បីជំនួសតំណែងប្រធានាធិបតីម្នាក់ទៀតដែលត្រូវបានបង្ខំឱ្យចុះចេញពីតំណែងដោយសារអំពើពុករលួយ។ ក្នុងការដឹកនាំរបស់វៀតណាមជាធម្មតាត្រូវបានរៀបចំផែនការយ៉ាងប្រុងប្រយ័ត្ន។ ដូច្នេះការបាត់បង់ប្រធានាធិប តីពីររូបក្នុងរយៈពេលត្រឹមតែជាងមួយឆ្នាំ និងទាំងរឿងអាស្រូវពុករលួយ បង្ហាញថា បក្សកុម្មុយនីស្តកំពុងពិបាកដោះស្រាយជាមួយនឹងអំពើពុករលួយ ដែលបានក្លាយជាជំងឺរាតត្បាតនៅក្នុងសេដ្ឋកិច្ចដែលរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេស។ ប្រធានាធិបតីគឺជា សសរស្តម្ភទាំងបួននៅកំពូលនៃនយោបាយវៀតណាម។ អគ្គលេខាបក្សកុម្មុយនីស្តគឺជាអ្នកមានអំណាចបំផុតក្នុងចំណោមតំណែងទាំងបួន ប្រធានាធិបតីក៏កាន់អំណាចសំខាន់ដែរ ហេីយពីរនាក់ទៀតគឺជានាយករដ្ឋមន្ត្រី និងជាប្រធានរដ្ឋសភា៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ

