ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងមកកាន់ កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា នាដើមខែវិច្ឆិកាខាងមុខនេះ ។ នេះជាការបញ្ជាក់របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអាស៊ានប្ដូរវេន ឆ្នាំ ២០២២ នៅក្នុងពិធីចែកស្រូវពូជ និងស្បៀងអាហារ ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ប្រមាណជាង៦ពាន់គ្រួសារ នៅក្នុងខេត្តព្រៃវែងនាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាបានទុកលទ្ធភាពឲ្យសេតវិមាន ជាអ្នកប្រកាសពីវត្តមានរបស់ប្រធានាធិ បតីអាមេរិក ចូ បៃដិន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា។ ប្រធានាធិបតីអាមេរិក នឹងធ្វើ ដំណើរទៅអេហ្ស៊ីប មុននឹងមកកាន់កម្ពុជា រួចបន្តទៅឥណ្ឌូណេស៊ី ។
មេដឹកនាំកំពូលកំពូលនៃតំបន់អាស៊ានទាំង១០ រួមជាមួយមេដឹកនាំមហាអំណាច កំពូលលើពិភពលោក និងមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត។ បើតាមសម្តេចតេជោ អាស៊ានបានអញ្ជើញប្រធានាធិបតីរុស្ស៊ីលោកពូទីន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន តែមិនទាន់មានការឆ្លើយតបនៅឡើយទេ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងជួប ពិភាក្សាការងារតាមទូរសព្ទ ជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូតឌីមៀ ហ្សេឡេស្គី នៅថ្ងៃទី០១ ខែវិច្ឆិកា ខាងមុខនេះ។
សូមជម្រាបថា កម្ពុជាបានធ្វើជាប្រធានប្តូរវេនចំនួន២ ដងរួចមកហើយ គឺនៅឆ្នាំ២០០២ និងឆ្នាំ ២០១២។ សម្តេចតេជោ ធ្លាប់បានបញ្ជាក់ថា ការធ្វើជាប្រធានប្តូរវេន នៅឆ្នាំ២០២២នេះ គឺប្រៀបបាននឹងការទទួលថ្ម ក្តៅ ដែលមានការពិបាកក្នុងការដោះស្រាយ៕






