លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានអរគុណសម្តេចតេជោ ហ៊ុន សែន ចំពោះជំហរប្រឆាំងការឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន។ ការបញ្ជាក់របស់មហាអំណាចពិភពលោកសហរដ្ឋអាមេរិក ធ្វើឡើងនៅក្នុងជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១២ វិច្ឆិកា ឆ្នាំ ២០២២ នាសណ្ឋាគារសុខាភ្នំពេញ។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់អ្នកសារព័ត៌ មានថា លោក ចូ បៃដិន បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានផ្ញើសារយ៉ាងច្បាស់ចំពោះការឈ្លាន ពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ លោក ចូ បៃដិន បានបញ្ជាក់ថា សហគមន៍អាស៊ានគឺមានសារៈសំខាន់ណាស់ ចំពោះសហរដ្ឋអាមេរិក ជាពិសេសចំពោះរដ្ឋបាលរបស់លោកផ្ទាល់តែម្ដង ហើយសហរដ្ឋអាមេរិកគាំទ្រឯកភាព និងមិត្តភាពអាស៊ាន។ លោក ចូ បៃដិន ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់កម្ពុជាប្រធានអាស៊ានក្នុងការប្រឹងប្រែងដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ដើម្បីឲ្យវិលត្រឡប់មកស្ថានភាពដើមវិញ។
ជាការឆ្លើយ តបសម្ដេចតេជោបានថ្លែងអំណរគុណលោក ចូ បៃដិន ដែលបានធ្វើដំណើរមកចូលរួមក្នុងកិច្ចប្រជុំកំពូលនៅរាជធានីភ្នំពេញដែលនេះសបញ្ជាក់ឲ្យឃើញនូវការយកចិត្តទុកដាក់របស់ សហរដ្ឋអាមេរិកចំពោះអាស៊ាន។ សម្ដេចតេជោបញ្ជាក់ជូន លោក ចូ បៃដិន អំពីកិច្ចសហប្រតិបត្តិការជាមួយជប៉ុនលើការជួយអ៊ុយក្រែន ក្នុងការដោះមីននិងប្រឆាំងការប្រើប្រាស់ពាក្យ សំដីគំរាមកំហែងការប្រើប្រាស់នុយក្លេអ៊ែ សម្ដេចតេជោក៏បានថ្លែងអំណរគុណសហរដ្ឋអាមេរិកដែលបានបញ្ជូនវត្ថុបុរាណត្រឡប់មកកម្ពុជាវិញ។ សហរដ្ឋអាមេរិក ជាប្រទេសនាំមុខលំដាប់លេខ១ ក្នុងការបញ្ជូនវត្ថុបុរាណត្រឡប់មកកម្ពុជាវិញ៕






