ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានផ្ញើសារលិខិតជូន លោក អែនរីកគេ ម៉ាណាឡូ រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋហ្វីលីពីន ដោយសម្តែងនូវការអបអរសាទរដោយអស់ពីដួងចិត្ត និងសូមជូនពរចំពោះ ខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ។
ក្នុងសារលិខិតលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយសូមសម្តែងនូវអំណរសាទរដោយអស់ពីដួងចិត្ត និងសូមជូនពរបវរមហាប្រសើរចំពោះឯកឧត្តម និងប្រជាជនហ្វីលីពីន ក្នុងឱកាសដ៏រីករាយនៃខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន»។






