ខេត្តកំពង់ស្ពឺ ៖ មានភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែក្មេងប្រុសជំទង់ម្នាក់ ទៅឃ្វាលគោបានប្រឡែងគ្នាលេង រអិលជើងធ្លាក់ចូលចន្លោះថ្មរល្អាងខ្ចាង គៀបជាប់ខ្លួន ត្រូវបានសាច់ញាតិ និងអ្នកភូមិជួយសង្គ្រោះជាច្រើនម៉ោង ទើបអាចយកយុវជនខាងលើនោះបាន ប៉ុន្តែសំណាងល្អមិនមានគ្រោះថ្នាក់អ្វីឡើយ។
ហេតុការណ៍ភ្ញាក់ផ្អើលជួយសង្គ្រោះក្មេងយកចេញពីថ្មរនោះ កើតឡើងកាលពីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅចន្លោះថ្មរភ្នំមួយ ស្ថិតនៅក្នុងភូមិអន្លង់ភេ ឃុំពាំល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
បើតាមប្រជាពលរដ្ឋបាននិយាយអោយដឹងថា ការភ្ញាក់ផ្អើលនេះបានកើតឡើង ដោយមានក្មេងប្រុសម្នាក់ទៅឃ្វាលគោ ហើយបានប្រឡែងគ្នាលេង ក៏បានរអិលជើងធ្លាក់ចូលចន្លោះថ្មរល្អាងខ្ចាង គៀបជាប់ខ្លួន ទម្រាំជួយសង្គ្រោះបានប្រើរយ:ពេលអស់ជាច្រើនម៉ោង តាំងពីព្រឹក រហូតមកដល់រសៀលថ្ងៃដដែល ទើបអាចជួយសង្គ្រោះបាន ដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ក្មេងប្រុសដែលធ្លាក់គៀបជាប់ចន្លោះថ្មរនោះ មានឈ្មោះ សុខ ឡាយ អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១០ រស់នៅក្នុងភូមិអន្លង់ភេ ឃុំពាំល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់លោក ខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គបានអោយដឹងតាមទូរសព្ទ័ថា ពិតជាមានករណីក្មេងរអិលគៀបជាប់ថ្មរមែន ប៉ុន្តែរឿងតិចតួចមិនគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ ហើយលោកក៏មិនបានរាយការណ៍ទៅថ្នាក់លើដែរ របួសតិចតួចជួយបានហើយនោះ៕ អ៊ុ ណូន






