ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានរងរបួសជាធ្ងន់ធ្ងរ ខណៈដែលជិះម៉ូតូលឿនទៅបុកគោយន្តដឹកឈើពីក្រោយ ហើយត្រូវបានប្រជាការពារ ដឹកយកទៅសង្រ្គោះនៅមណ្ឌលសុខភាពត្រពាំងជោ ចំពេលគ្រូពេទ្យកំពុងស្រវឹងស្រា ថាទាល់តែគ្រួសារមកទើបសង្រ្គោះ ទុកអោយអ្នករបួសស្រែកថ្ងូរឈឺមុខរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៨ និង៤០នាទី យប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ត្រង់ ចន្លោះគីឡូម៉ែត្រលេខ៦៩ ទៅលេខ៧០ ស្ថិតនៅក្នុងភូមិចាន់ពីង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ គ្រោះថ្នាក់នេះកើតឡើងរវាងម៉ូតូ បុកគោយន្តពីក្រោយ។
ប្រភពពីសមត្ថកិច្ចនគរបាលស្រុក បាននិយាយអោយដឹងថា មុនពេលកើតហេតុមានគោយន្ត០១គ្រឿង ម៉ាក KUBOTA RT140 ពណ៍ក្រហម បើកបរក្នុងទិសដៅពីលិចទៅកើត ដោយជនមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនក្រោយកើតហេតុ) លុះដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ០១គ្រឿងទៀត ម៉ាក HONDA Dream C125 ស៊េរីឆ្នាំ២០១៥ ពណ៍ខ្មៅ គ្មានស្លាកលេខ បើកបរក្នុងទិសដៅស្របទិសគ្នាពីក្រោយដោយឈ្មោះ ម៉ៅ ម៉ាប់ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិកុមារមាស ឃំុអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ខណៈកំពុងជិះពីក្រោយ ក៏ជ្រុលទៅបុកគោយន្តពីក្រោយ បណ្តាលឲ្យម៉ូតូដួល រងរបួសជាទម្ងន់ ចំណែកម៉ូតូខូចខាតធ្ងន់។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានប្រជាការពារ ដឹកតាមគោយន្តយកទៅសង្រ្គោះនៅមណ្ឌលត្រពាំងជោរ ដើម្បីសង្រ្គោះ តែចៃដន្យចំពេលលោកប្រធាន និងគ្រូពេទ្យស្រវឹងស្រាអស់បាត់ទៅហើយ។ ដោយមិនរំពឹងលើពេទ្យត្រពាំងជោរ ជនរងគ្រោះត្រូវបានសាច់ញាតិទាក់ទងរថយន្តសង្រ្គោះអមលាំង ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺបន្តវិញ។
សមត្ថកិច្ចបានបន្តថា ចំំពោះវត្ថុតាងខាងលើ សមត្ថកិច្ចយើងបានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជោបណ្តោះអាសន្ន រងចាំបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់នេះបណ្តាលមកពីការបើកបរខ្វះការប្រុងប្រយ័ត្ន ហើយគោយន្តមិនមានចំណាំងផ្លាតពេលយប់ពីក្រោយទៀត។
ដោយឡែករឿងគ្រូពេទ្យមិនព្យាបាលអ្នកជំងឺវិញ គឺប្រជាពលរដ្ឋបានរិះគន់ទៅលើគ្រូពេទ្យថា នៅពេលដែលពួកគាត់បញ្ជូនជនរងគ្រោះទៅដល់ លោកប្រធានមណ្ឌលសុខភាពត្រពាំងជោ មិនព្រមជួយសង្រ្គោះនោះទេ ដោយសំអាងថាគ្មានក្រុមគ្រួសារសាច់ញាតិមករង់ចាំ អោយសាច់ញាតិមកសិន។ ការរិះគន់នេះ គឺជាពិសេសចំពោះលោកប្រធានមណ្ឌលសុខភាពតែម្តង ថាមិនយកចិត្តទុកដាក់សង្រ្គោះបឋមដល់ជនរងគ្រោះនោះទេ ដោយយកលេសថាគ្មានក្រុមគ្រួសារមកធានា៕ អ៊ុ ណូន






