មនុស្សចាស់ ក្មេងចំនួន ៤៩នាក់ រស់នៅភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកមង្គលបុរី នាល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីសង្គ្រោះ និងព្យាបាល បន្ទាប់ពីសង្ស័យជាករណីឆ្លងជំងឺ គ្រុនឈីក។
ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត ឡេ ចានសង្វាត បានបញ្ជាក់ថា ក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់របស់ RRT និងមន្ត្រីស្រុកមង្គលបូរី បានចុះស្រាវជ្រាវ និងអន្តរាគមន៍បន្ទាន់ បន្ទាប់ពីទទួលបានព័ត៌មាន ពីករណីមានអ្នកសង្ស័យកើតជំងឺគ្រុនឈីក នៅក្នុងភូមិសាស្ត្រខាងលើ។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ចំនួនអ្នកសង្ស័យកើតជំងឺគ្រុនឈីក នេះមាន ៤៩នាក់ ស្រី ២៧នាក់ កុមារ ៣៥នាក់ ក្នុងនោះបានបញ្ជូនទៅមន្ទីរពេទ្យខេត្តមង្គលបុរី ចំនួន ២៣នាក់ ស្រី ១៣នាក់ ក្នុងនោះមានកុមារា ៨នាក់ កុមារី ៧នាក់។ លោកថា ក្រុមគ្រូពេទ្យបានបូមឈាមចំនួន ២៣នាក់ កុមារ១៥នាក់ ដើម្បីបញ្ជូនមកធ្វើតេស្តស្រាវជ្រាវរកមើលមេរោគគ្រុនឈីក នេះនៅវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញបន្តទៀត។
សូមជម្រាបថា រោគសញ្ញាសំខាន់ៗដែលរកឃើញលើអ្នកជំងឺគ្រុនឈីក គឺគ្រុនក្តៅពី ៣៩-៤០អង្សាសេ មានឈឺសន្លាក់ដៃ ជើង ឈឺសាច់ដុំ ចេញកន្ទួលក្រហមលើស្បែក វិលមុខ ក្អួតចង្អោរ ជាដើម៕
សំអាង






