ប៉ោយប៉ែត ៖ ជនជាតិចិនជាង10នាក់ ត្រូវបានសមត្ថកិច្ចចម្រុះ នគរបាល និងអាវុធហត្ថក្រុងប៉ោយប៉ែតបង្រ្កាប និងឃាត់ខ្លួននៅនិងកន្លែង ប៉ុន្តែមិនទាន់ដឹងពីមូលហេតុ ព្រោះតែពួកគេប្រដាប់ដោយបំពង់ទីប និងដែកស្ទើរគ្រប់ដៃ។
ករណីខាងលើឈានដល់ការផ្ទុះអាវុធ និងបង្ករភ្ញាក់ផ្អើល កាលពីវេលារំលងអាធ្រត្រ ម៉ោងជិត01 ឈានចូលព្រឹកថ្ងៃទី21 តុលា 2018 លើដងផ្លូវបេតុងជិតបុរីហ្គោតឡាក់ ក្នុងភូមិបាលិលេយ្យ01 សង្កាត់ និងក្រុងប៉ោយប៉ែត។
ប្រភពថា ជនជាតិចិនដែលនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួននេះ មានចំនួន13នាក់។ ប្រភពបន្ថែមថា មុនកើតហេតុជនជាតិទាំងនេះមានជម្លោះជាមួយខ្មែរមួយក្រុម ប៉ុន្តែមិនដឹងមូលហេតុពិតប្រាកដ ខ្លះថាអាចដោយសាររឿងស្រី ព្រោះក្រុមខ្មែរមានជម្លោះនោះគេចខ្លួនអស់។ ប្រភពថាដំបូងជនជាតិចិនមានគ្នា4ទៅ5នាក់ទេ ពេលជម្លោះកើតឡើងបានទូរស័ពហៅគ្នាមកកាន់តែច្រើន ប្រដាប់ដោយបំពង់ទីប និងដែកស្ទើរគ្រប់ដៃ សូម្បីសមត្ថកិច្ចចូលបង្រ្កាបក៌ពួកគេហាក់មិនស្តាប់ ធ្វើឲ្យសមត្ថកិច្ចពិបាក ទើបឈានដល់ការបំផ្ទុះអាវុធឡើងលើជាច្រើនគ្រាប់។
ចំពោះករណីខាងលើ មិនអាចទាក់ទងសុំការបំភ្លឺលម្អិត ពីលោកវរៈសេនីឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានទេ ព្រោះទូរស័ព្ទទាក់ទងជាច្រើនដងគ្មានអ្នកទទួល។ លោក ព្រំ ពិសិដ្ឋ អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលប៉ោយប៉ែត ប្រាប់តាមទូរស័ព្ទថា ករណីខាងលើពេលនេះកំពុងសាកសួរជនជាតិចិននៅឡើយ ហើយក៌មិនទាន់ដឹងមូលហេតុពិតប្រាកដនោះដែរ ព្រោះតែភាគីពាក់ព័ន្ធម្ខាងទៀតជាជនជាតិខ្មែរ ដែលបានគេចខ្លួនអស់។ លោកបន្តថាករណីនេះមិនទាន់ឈានដល់អំពើរហឹង្សាបង្កររបួសស្នាមលើបុគ្គលណាមួយទេ ដូច្នេះក្រោយសាកសួរអាចត្រឹមតែអប់រំ ហើយអនុញ្ញាតឲ្យវិលត្រឡប់ទៅវិញ៕ វណ្ណា






