
ខេត្ដព្រៃវែង ៖ ផ្ទះឈើ២ខ្នងនៅជិតគ្នា ត្រូវអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង 4និង10នាទីល្ងាច ថ្ងៃទី3 ខែកញ្ញា ឆ្នាំ2018 នៅក្នុងភូមិធំ ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ផ្ទះដែលភ្លើងឆេះនេះ ទី១ មានទំហំ 8×8ម៉ែត្រ សង់អំពីឈើប្រក់សីុប្រូ មានម្ចាស់ឈ្មោះ អាង សីហា ភេទប្រុស អាយុ34ឆ្នាំ ប្រពន្ធឈ្នោះ មៀច សាវ៉ន អាយុ34ឆ្នាំ។ ផ្ទះទី២ នៅជិតគ្នាមានទំហំ 8×8ម៉ែត្រ សង់អំពីឈើប្រក់សីុប្រូ ម្ចាស់ឈ្មោះ អ៊ូ សំអូន ភេទប្រុស អាយុ៥៧ឆ្នាំ ប្រពន្ធឈ្មោះ ខៀវ ណារ៉េត អាយុ៥៧ឆ្នាំ។
របាយការណ៍សមត្ថកិច្ច បានបញ្ជាក់បន្ថែមថា មុនពេលកើតហេតុ ម្ចាស់ផ្ទះទាំង២ បាននាំគ្នាដោតព្រីតខ្សែភ្លើងចេញពីផ្ទះ ដើម្បីយកភ្លើងទៅផ្សារដែក ធ្វើរោងបុណ្យនៅទួលកប់ខ្មោច ចម្ងាយពីីផ្ទះប្រហែល200ម៉ែត្រ។ ស្រាប់តែមួយសន្ទុះ គេឃើញមានអណ្តាតភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅឡើង ប្រជាពលរដ្ធក៍នាំគ្នាជួយដួសទឹកជះ និងរាយការណ៍ទៅប្រាប់សមត្ថកិច្ច។
ក្រោយទទួលបានព៌តមាន កម្លាំងសមត្ថកិច្ច មានប៉ូលិស ប៉េអឹម ចេញឡានទឹក1គ្រឿទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ អស់ចំនួន 7ឡាន តែដោយសារស្ថានភាពភ្លើងឆាបឆេះខ្លាំងពេក ទើបមិនអាចគ្រប់គ្រងស្ថានការបាន បណ្តាលឲ្យឆេះផ្ទះ២ខ្នងនេះអស់ទាំងស្រុង។ ទោះយ៉ាងណាករណីនេះ មិនបង្កឲ្យមានមនុស្សគ្រោះថ្នាក់ឡើយ គឺគ្រាន់តែបាត់បង់ផ្ទះ២ខ្នង និងសម្ភារៈ លុយកាក់ បើគិតសរុបថវិកាទាំង២ម្ចាស់ អស់ចំនួន 75.000$ដុល្លារ៕ សុឹម សាន់