ផ្លូវខេត្តលេខ៣១២ ស្ថិតក្នុងខេត្តព្រៃវែង នឹងបើកការដ្ឋានលើកកម្រិត និងជួសជុល នៅថ្ងៃទី០៩ ខែមិថុនា ហើយនៅថ្ងៃទី១៥ ខែមិថុនា នឹងបើកការដ្ឋានលើកកម្រិត និងជួស ជុលផ្លូវជាតិលេខ២៣ ស្ថិតក្នុងខេត្តកណ្តាលផងដែរ។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សា ជាមួយភាគីពាក់ព័ន្ធអំពីការត្រៀមរៀបចំពិធីបើកការដ្ឋានលើកកម្រិត និងជួសជុលថែទាំលើកំណាត់ផ្លូវទាំងពីរនេះ ដោយមានវត្តមានឯកឧត្តម ផែង សុវិជ្ជានោ លេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្នុងកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យលើវឌ្ឍនភាពការងារ ត្រៀមរៀបចំពិធីបើកការដ្ឋានទាំងពីរទីតាំង សំដៅធ្វើឱ្យការដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្រប សម្រួលកម្មវិធីខាងលើ ប្រព្រឹត្តទៅបានដោយរលូន ប្រកប ដោយប្រសិទ្ធភាពការងារខ្ពស់តាមបំណែងចែក។
គូសបញ្ជាក់ថា កំណាត់ផ្លូវខេត្ដលេខ៣១២ (សំរោង-កគោ ព្រំប្រទល់កម្ពុជា-វៀតណាម) មានប្រវែងសរុបជាង២៨ គីឡូម៉ែត្រ ស្ថិតក្នុងស្រុកព្រះស្ដេច ខេត្ដព្រៃវែង ដែលជាគម្រោងលើកកម្រិតបណ្តាញផ្លូវថ្នល់ ជំហានទី២ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ផ្លូវខេត្តលេខ៣១២ នឹងបើកការដ្ឋានលើកកម្រិត នៅថ្ងៃទី០៩ ខែមិថុនា ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង តំណាងដ៏ខ្ពង់ខ្ពស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
ចំណែកផ្លូវជាតិលេខ២៣ មានប្រវែងជិត ២០គីឡូម៉ែត្រ ចាប់ពីគល់ស្ពានកោះធំ ត្រើយខាងកើត ក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ ដល់ផ្លូវជាតិលេខ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ដែលជាគម្រោងលើកកម្រិតបណ្តាញផ្លូវថ្នល់ ជំហានទី២ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោងនឹងប្រារព្ធពិធីបើកការដ្ឋានលើកកម្រិត និងជួសជុលថែទាំ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្នតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ៕






