ប្រទេសថៃ ៖ មនុស្ស២នាក់ ម្នាក់ជាពលករខ្មែរ និងម្នាក់ទៀតជនជាតិថៃ បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ នៅក្នុងប្រទេសថៃ ខណៈដែលភាគីម៉ូតូដែលជាជនជាតិថៃ បានបើកបរក្នុងល្បឿនលឿន ទៅបុកជាមួយនឹងពលករខ្មែរ ដែលកំពុងជិះកង់មិនដឹងខ្លួន ស្លាប់ទាំងពីរអ្នកយ៉ាងអាណោចអាធ័ម។
យោងតាមរបាយការណ៍ ដែលទទួលបានពីភាគីថៃបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង 11និង45 នាទីយប់ ថ្ងៃទី ៤ ខែសីហា ឆ្នាំ២០១៨ លើកំណាត់ផ្លូវសុខសុវត្ថិ ទល់មុខមន្ទីរពេទ្យប៉ៅឡូព្រះប្រាក់ដែង ក្នុងឃុំប៉ាកខ្លងបាងប្លាកុត ស្រុកព្រះសមុទ្រចេតីយ៍ ខេត្តសមុទ្រប្រាកាន ប្រទេសថៃ។
របាយការណ៍មិនបានបញ្ជាក់ថា ការធ្វើដំណើររបស់ភាគីទាំងពីរ ក្នុងទិសដៅពីណាទៅណានោះឡើយ ដោយគ្រាន់តែបញ្ជាក់ថា នៅកន្លែងកើតហេតុគេឃើញមានពលករខ្មែរម្នាក់ដែលជិះកង់ បានដេកស្លាប់នៅកណ្តាលទ្រូងផ្លូវ ដែលមានឈ្មោះ ពេជ្រ សុីណា ភេទប្រុស អាយុ៣៩ឆ្នាំ
និងនៅចម្ងាយប្រមាណជាង១០០ម៉ែត្រ គេឃើញមានម៉ូតូមួយគ្រឿង ម៉ាកយ៉ាម៉ាហាR3 រមូលជាប់ជាមួយនឹងកង់មួយគ្រឿង ដោយនៅក្បែរនោះ មានជនជាតិថៃម្នាក់ឈ្មោះ វ៉ន វុធ ភេទប្រុស អាយុ១៩ឆ្នាំ រងរបួសធ្ងន់ ដោយដាច់ កជើងស្តាំម្ខាង ។ ភ្លាមៗនោះដែរ សមត្ថកិច្ចបានបញ្ជូនចូលទៅក្នុងមន្ទីរពេទ្យដែលនៅក្បែរនោះ ប៉ុន្តែអកុសល ពួកគេក៏បានស្លាប់នៅពេលនោះដែរ។
សមត្ថកិច្ចបានសន្និដ្ឋានថា អ្នកជិះម៉ូតូជាជនជាតិថៃ អាចបើកបរក្នុងល្បឿនលឿនហួសកំណត់។ បច្ចុប្បន្នពលករខ្មែរ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវរកសាច់ញាតិ ដើម្បីបញ្ជូនទៅកាន់ស្រុកកំណើតវិញ៕


















