ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន១២នាក់រស់នៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រ ទាល ស្រុកស្អាង ដែលត្រូវបានសង្ស័យថាឆ្លងមេរោគកូវីដ១៩ ហើយដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ នៅក្នុងវិទ្យាល័យហ៊ុនសែនតាខ្មៅ ត្រូវបានធ្វើតេស្តជាលើកចុងក្រោយ ដោយលទ្ធផល «អវិជ្ជមាន» មានន័យថា មិនមានឆ្លងកូវីដ១៩ឡើយ។
ពួកគាត់ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញហើយនៅវេលាថ្ងៃត្រង់ទី០៦ ខែមេសា ឆ្នាំ២០២០នេះ ក្រោមការជូនដំណើរ និងជួយឧបត្ថម្ភពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្ដាល ព្រមទាំងអមដំណើរដោយមន្ត្រីក្រោមឱវាទជាច្រើននាក់ផ្សេងទៀត។
ស្ថិតនៅក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់ពលរដ្ឋទាំង១២នាក់ សូមថែទាំសុខភាពឱ្យបានល្អ ហាត់ប្រាណជាប្រចាំ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ឧស្សាហ៍លាងដៃនឹងសាប៊ូ ឬទឹកអាល់កុល។
ពេលទៅផ្ទះ សូមស្នាក់នៅដាច់ដោយឡែកសិន កុំនៅជិតគេជិតឯងរយៈពេល១៤ថ្ងៃទៀត ដើម្បីបង្រ្គប់កិច្ច ឱ្យអស់ចិត្តដ្បិតលោកបានជាសះស្បើយហើយក្ដី ប៉ុន្តែត្រូវតែការពារខ្លួននិងគ្រួសារ ធ្វើយ៉ាងការពារកុំឱ្យមានបញ្ហាផ្សេងៗទៀត។
ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ក្រុមគ្រួសារ សូមរក្សាគម្លាតនិងការពារខ្លួនទាំងអស់គ្នា ហើយពិសេសផ្ដល់អាហារមានវីតាមីន សារធាតុចិញ្ចឹមដល់គាត់ឱ្យបានគ្រប់គ្រាន់ និងផ្ដល់សម្ភារៈការពារខ្លួនដូចជាម៉ាស់ អាល់កុល ទឹកសម្លាប់មេរោគ ឬសាប៊ូដល់គាត់ ដើម្បីឱ្យគាត់រក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន។
ឯកឧត្តម គង់ សោភ័ណ្ឌ បានសង្កត់ធ្ងន់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើងសម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ ដល់ប្រជាពលរដ្ឋទាំងអស់ ដោយបារម្ភគិតគូរខ្លាចពលរដ្ឋមានជំងឺ។
បើមានឈឺ គឺពេទ្យទាំងអស់ត្រូវខិតខំព្យាបាលឱ្យជាសះស្បើយ ហើយការព្យាបាលនេះសម្ដេចតេជោ ពុំអនុញ្ញាតឱ្យគិតសេវានោះទេ ពោលគឺដោយឥតគិតថ្លៃ ធ្វើយ៉ាងណាគិតគូរពលរដ្ឋជាធំ។
គួរជម្រាបថា ពលរដ្ឋទាំង១២នាក់នេះ ជាមនុស្សដែលមានការស្និតស្នាលនឹងលោក ទូ ទ្រេះ ដែលមានផ្ទុកកូវីត១៩ ហើយត្រូវបានព្យាបាលឱ្យជាសះស្បើយ១០០% និងអនុញ្ញាតឱ្យទៅផ្ទះវិញនាម្សិលមិញនេះ៕





