ខេត្តព្រះសីហនុ ៖ ពលរដ្ឋជាង40គ្រួសារ ដែលរស់នៅទីតាំងដីចំណុចភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី20 ខែកញ្ញា ឆ្នាំ2018 សម្តែងការមិនពេញចិត្តចំពោះលោក ង៉ោ ស្រ៊ុន មានងាជាឯកឧត្តម ប្រើប្រាស់ប្រព័ន្ធតុលាការ មកបណ្តេញពួកគាត់ តែត្រូវបានប្រជាពលរដ្ឋរារាំងមិនបានសម្រេច។
ពលរដ្ឋបានលើកឡើងថា នៅថ្ងៃខាងលើគេសង្កេតឃើញមានសមត្ថកិច្ចកងរាជអាវុធហត្ថជាច្រើននាក់ និងមានតុលាការទៅដល់ទីតាំងដី ព្រមទាំងយកគ្រឿងចក្រ គ្រោងនឹងកំទេចផ្ទះ និងរបងផ្ទះរបស់ពួកគាត់ចោល ហើយត្រូវពួកគាត់បានប្រមូលផ្តុំគ្នា តវ៉ាទើបតុលាការសម្រេចផ្អាកទៅវិញ។
លោក វ៉ាន ឡុង មានទីលំនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានអះអាងថា ទីតាំងដីខាងលើដែលមានចំនួន4ហិចតា គឺឪពុកលោក និងលោក បានកាន់កាប់តាំងពីឆ្នាំ1993 រហូតមកដល់បច្ចុប្បន្ននេះ ពុំដែលមានអ្នកណាចេញមុខមកអះអាងថាដីរបស់ខ្លួនឡើយ។ ជាងនេះទៅទៀតនោះ លោកថា លោកបានរុករានកាប់ឆ្កាព្រៃ ធ្វើផ្លូវ ធ្វើរបង និងបានសង់ផ្ទះដាំដំណាំជាហូហែរ មិនដែលមានបញ្ហាអ្វីនោះឡើយ ស្រាប់តែធ្វើបានស្អាត លេចមុខលោក ង៉ោ ស្រ៊ុន ថាដីនេះជាដីរបស់លោកទៅវិញ។
អ្នកស្រី ថារី ប្រជាពលរដ្ឋរងគ្រោះបាននិយាយថា ដីខាងលើនេះ គាត់បានច្រៀកចែកគ្នាឲ្យបងប្អូន ប្រជាពលរដ្ឋក្រីក្រគ្មាន ផ្ទះសំបែង ឲ្យបានរស់នៅបន្តិចបន្ទួច ក្នុងម្នាក់ៗ ពីម្ចាស់ដើម។ លោកស្រីបន្ដថា តុលាការមិនគួរមកអាកាត់ដីរដ្ឋ ប្រគល់ឲ្យអ្នកនេះ ឬអ្នកនោះទេ ព្រោះដីនេះពីដើមគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ បើរដ្ឋដកយកទៅដាក់ជាសម្បត្តិរបស់រដ្ឋ ពួកគាត់មិនថាអីទេ តែបើដកយកទៅឲ្យបុគ្គលផ្សេងដូចជាលោក ង៉ោ ស្រ៊ុន គឺពួកគាត់មិនយល់ព្រមជាដាច់ខាត។
ជាចុងក្រោយលោក វណ្ណ ឡុង និងអ្នកស្រី ថារី អំពាវនាវដល់រដ្ឋបាលខេត្ត ឯកឧត្តម យន្ត មីន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ ជាពិសេស សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា មេត្តាជួយដល់ពួកគាត់ដែលលោក ង៉ោ ស្រ៊ុន ប្រើប្រព័ន្ធតុលាការ គំរាមរុសរើលំនៅដ្ឋានពួកគាត់ចេញពីទីតាំងដីខាងលើនេះ។
ដោយឡែកលោក ង៉ោ ស្រ៊ុន ពលរដ្ឋថាមានងារជាឯឧត្តមនោះ អ្នកយកព័ត៌មានប្រចាំតំបន់សមុទ្រ ខេត្តព្រះសីហនុ មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ព្រោះពុំមានប្រព័ន្ធទូរស័ព្ទទំនាក់ទំនង ហើយក៏មិនដឹងលោកនៅទីណាដែរ៕








